(ព្រះសីហនុ)៖ រោងចក្រផលិតថាមពលអគ្គិសនី ដំណើរការដោយធ្យូងថ្ម ដែលមានអនុភាព១៣៥មេហ្គាវ៉ាត នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹង​បើកដំណើរការជាផ្លូវការ ក្នុងខែ១២ ឆ្នាំ២០១៩ ខាងមុខ ខណៈដែលបច្ចុប្បន្នការសាងសងកំពុងដំណើរការទៅយ៉ាងរលូន នេះបើតាមការឲ្យដឹង​ពីលោក Wouter Van Wersch អគ្គនាយកក្រុមហ៊ុន General Electric (GE) ប្រចាំតំបន់អាស៊ាន ថ្លែងឲ្យដឹង​នាថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១៧។

ការសាងសងរោងចក្រថាមពលអគ្គិសនី ដើរដោយធ្យូងថ្មនេះ វិនិយោគដោយក្រុមហ៊ុនរបស់ម៉ាឡេស៊ី ដែលមានឈ្មោះថា Cambodia Energy II Co.,Ltd ហើយសម្រាប់ការផ្គត់ផ្គង់សំភារៈ និងបរិក្ខាអគ្គិសនី គឺក្រុមហ៊ុន GE ជាអ្នកទទួលខុសត្រូវចាប់ពីរោងចក្ររហូតដល់បណ្តាញចែកចាយ។

លោក Wouter Van Wersch បានថ្លែងឲ្យដឹងថា រោងចក្រផលិតធ្យូងថ្មនេះ មានអនុភាព​១៣៥មេហ្គា​វ៉ាត់ ដែលមានទីតាំងស្ថិត ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយចំពោះការសាងសងរោងចក្រធ្យូងថ្មនេះ គឺមិនមានជាបញ្ហា ឬផលប៉ះពាល់ណាមួយទៅដល់បរិស្ថាននោះឡើយ ព្រោះដោយសារ​ការប្រើប្រាស់នូវឧបករណ៍ និងបច្ចេកវិទ្យាខ្ពស់។

ជាមួយគ្នានេះ ក្រុមហ៊ុន GE ដែលជាក្រុមហ៊ុនល្បីឈ្មោះរបស់អាមេរិក បានបង្ហាញនូវក្តីសង្ឃឹមថា នឹងចូលរួមជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីកំណត់ពីបញ្ហាប្រឈមសំខាន់ៗ
នៃឧស្សាហកម្មថាមពល នៅក្នុងប្រទេសកម្ពុជា និងសម្លឹងមើលឱកាស ដែលអាចជួយរាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាននូវគោលការណ៍ចំនួន៣យ៉ាងរួមមាន៖ កាត់បន្ថយតម្រូវការថាមពល២០ភាគរយរហូតដល់ឆ្នាំ២០៣៥, កាត់បន្ថយការបំភាយឧស្ម័យកាបូនិចក្នុងឆ្នាំ២០៣៥ ចំនួន៣លានតោន និងធានាឲ្យបាន១០០ភាគរយ នៃការប្រើប្រាស់ថាមពលអគ្គិសនីតាមតំបន់ជនបទ។

លោកបានបន្ដទៀតថា ការជ្រើសរើសប្រើប្រាស់ថាមពលធ្យូងថ្មរបស់កម្ពុជា គឺជាជម្រើសដ៏ត្រឹមត្រូវ ព្រោះ​រដ្ឋាភិបាលកម្ពុជា ចង់ឲ្យមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។

សូមបញ្ជាក់ថា ក្រុមហ៊ុន GE ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក និងបានចូលមកដំណើរការអាជីវកម្ម​នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយមានតាំងពីឆ្នាំ២០០៨ និង​បានខិត​ខំប្រឹងប្រែងនាំយកបច្ចេកវិទ្យា និងដំណោះស្រាយចុងក្រោយបំផុត និងមានតម្លៃសមរម្យសម្រាប់ប្រទេសកម្ពុជា។

កាលពីខែមេសា ឆ្នាំ២០១៧ ក្រុមហ៊ុន GE ក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងរ៉ែ និងថាមពល (MME) ដើម្បីដំឡើងប្រព័ន្ធត្រួតពិនិត្យការបំភាយបន្ដ (CEMS) ក្នុងការតាមដាន និងវិភាគកម្រិតបំភាយ នៃរោងចក្រថាមពលទូទាំងប្រទេសផងដែរ៕