(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តត្បូងឃ្មុំចំនួន២រូប ក្រោមអធិបតីភាព លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងនោះលោក ឡុង ធាម អតីតអភិបាលស្រុកពញាក្រែក ត្រូវចូលកាន់មុខតំណែងអភិបាលរងខេត្ត និងលោក ជាម ច័ន្ទសោភ័ណ ពីអភិបាលរងខេត្តបាត់ដំបង មកកាន់តំណែងជា អភិបាលរងខេត្តត្បូងឃ្មុំ ចំណែកលោក អ៊ុយ សុធាវី អភិបាលរងខេត្តត្បូងឃ្មុំ ត្រូវទៅកាន់ជាអភិបាលរងខេត្តបាត់ដំបងវិញ។ ក្នុងពិធីនេះដែរ មានចូលរួមពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អភិបាលខេត្តត្បូងឃ្មុំ អភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំខេត្តទាំង២ មន្ត្រីរាជការ មន្ទីរអង្គភាព និងស្ថាប័ននានាជុំវិញខេត្ត។

បន្ទាប់ពីលោក លី ឡេង អភិបាលខេត្តត្បូងឃ្ម បានឡើងមានមតិស្វាគមន៍ និងធ្វើរបាយការណ៍ទាក់ទងនឹងការអភិវឌ្ឍន៍ខេត្តនាពេលកន្លងមក ដោយសង្ខេបរួចមក
លោក ឡុង ធាម និងលោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំថ្មី បានឡើងប្តេជ្ញាចិត្តយ៉ាងដូច្នេះថា ខិតខំអនុវត្តនូវតួនាទីភារកិច្ច ដោយយកចិត្តទុកដាក់ខ្ពស់ លើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលប្រកបដោយតម្លាភាព សំដៅអោយកាន់តែមានភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹង និងពង្រីកឯកភាពផ្ទៃក្នុង កិច្ចសហការល្អប្រសើរក្នុងជួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីរួមគ្នាជាធ្លុងមួយ ធានាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ស្ថេរភាពនយោបាយ ភាពសុខដុមរមនា និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ជាពិសេសនោះ នឹងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដើម្បីរួមចំណែក ដល់ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ រួមជាមួយការបន្តធ្វើអោយ រីកចម្រើនលើគ្រប់វិស័យ ស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយនឹងការប្រគល់ នូវអនុក្រឹត្យជូនអភិបាលរងខេត្តត្បូងឃ្មុំថ្មីទាំង២រូប រួចមកលោក ព្រុំ សុខា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងការដឹកនាំកន្លងមកដែលខេត្តត្បូងឃ្មុំ សម្រេចបាននូវលទ្ធផលការងារ បានយ៉ាងល្អត្រចះត្រចង់គួរជាទីមោទនៈ ដែលជាមុខមាត់ថ្មីនៃខេត្តត្បូងឃ្មុំ លើទឹកដីខេត្តកូនពៅមួយនេះ  ។

លោក ព្រុំ សុខា បានធ្វើការផ្តាំផ្ញើរដល់ដល់អភិបាលរងខេត្តថ្មី ក៏ដូចជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពស្ថាប័ន និងមន្ត្រីរាជការក្នុងខេត្តទាំងអស់ បន្តរួបរួមគ្នា ដើម្បីធ្វើជាស្នូលសាមគ្គីភាព ខិតខំប្រឹងប្រែងតទៅទៀត ពុះពារជំនះអោយបាន នូវរាល់ការលំបាក រួមចំណែកយ៉ាងសកម្មនូវ ក្នុងការអនុវត្តន៍គោលនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ ពិសេសបន្តនូវការរក្សាសន្តិភាព ស្ថេរភាព បង្កលក្ខណៈអោយការអភិវឌ្ឍន៍សង្គមជាតិ អោយកាន់តែមានភាពរីកចម្រើន ដើម្បីកសាងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំនេះ អោយកាន់តែមានការអភិវឌ្ឍន៍ លើគ្រប់វិស័យជាបន្ត ដោយធ្វើយ៉ាងណា ធ្វើអោយកម្រិតជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរបន្ថែមទៀត ៕