(ភ្នំពេញ)៖ នារីវ័យក្មេងម្នាក់ មិនដឹងថាមានវិបត្តិអ្វីចាក់ស្រេះនៅក្នុងចិត្ត រហូតដល់ថ្នាក់ដោះស្រាយមិនបាន ហើយធ្វើឲ្យនាងគិតខ្លីនោះទេ ស្រាប់តែនាងបានសម្រេចចិត្តលោតពីលើផ្ទះជាន់ទី១ ដើម្បីសម្លាប់ខ្លួន ប៉ុន្តែមិនស្លាប់តាមបំណងឡើយ បណ្តាលឲ្យរងរបួសធ្ងន់ និងត្រូវបានប្រជាពលរដ្ឋដឹកតាមរ៉ឺម៉កកង់បី ទៅសង្គ្រោះភ្លាមៗដែរ។

ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣៖៣៥នាទី រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា នារីរងគ្រោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ នាងបានស្នាក់នៅបន្ទប់ជួលជាន់ទី១ ដោយស្នាក់នៅតែម្នាក់ឯងប៉ុណ្ណោះ
ហើយនាងគឺជាកម្មការិនីរោងចក្រកាត់ដែរ និងធ្វើការវេនយប់។

ប្រជាពលរដ្ឋ បានបន្ថែមទៀតថា លុះដល់វេលាកើតហេតុ ស្រាប់តែនាងចេញបន្ទប់ ហើយបានលោតទម្លាក់ខ្លួន ចុះមកក្រោមកម្ពស់ប្រហែល៥ម៉ែត្រ បំណងបញ្ចប់ជីវិតខ្លួនឯងតែម្ដង ប៉ុន្តែពេលនោះមិនបានស្លាប់ដូចបំណងនោះទេ តែបានបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយមកត្រូវបានប្រជាពលរដ្ឋ បានដឹកតាមរ៉ឺម៉កកង់បី យកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ពាក់ព័ន្ធនិងករណីខាងលើនេះ មិនទាន់ដឹងអំពីមូលហេតុអ្វីនោះនៅឡើយទេ៕