(សៀមរាប)៖ លោក ឃឹម ប៊ុនស៊ុង អភិបាល​ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ​ជួបសំណេះសំណាល​ពិភាក្សាការងារ និងពិធីប្រគល់-ទទួលជំនួយ ផ្លូវមួយខ្សែប្រវែង​២​គីឡូម៉ែត្រ និងទទឹង​៨​ម៉ែត្រ ដែលមានទឹកប្រាក់​១,៥០០,០០០យ័ន្ដ ប្រមាណជិត​២៣​ម៉ឺនដុល្លា ដែលដឹកនាំដោយ លោក ស៊ី យ៉ុងពីង (​Shi YongPing​) ប្រធានសមាគមអភិវឌ្ឍពាណិជ្ជកម្មជឺជាំង ប្រចាំកម្ពុជា តំណាងរដ្ឋបាលក្រុងលីសួយ ខេត្តជឺជាំង សាធារណៈប្រជាមានិតចិន​។

លោក ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ជំនួយ​នាពេលនេះ គឺបង្ហាញពីការជួយជម្រុញ ការអភិវឌ្ឍ ដើម្បីរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការឲ្យកាន់ទ្វេរឡើង រវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ ម៉្យាងទៀត ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នា កាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ​។

ជាមួយគ្នាលោក ស៊ី យ៉ុងពីង​ បានផ្តោតយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនឹងគ្នា រវាងក្រុងខេត្តសម្ព័ន្ធមេត្រីភាពល្អ លើវិស័យទេសចរណ៍ ម៉្យាងទៀតលោកនឹងធ្វើការជម្រុញ ដល់អ្នកវិនិយោគ និងសហគ្រិនដើម្បីចូលមកធ្វើការសិក្សាស្វែងយល់អំពីសក្ដានុពលរបស់ខេត្ត ដើម្បីមកធ្វើការវិនិយោគនៅ នៅក្រុងប្រវត្តិសាស្រ្តមួយនេះ ហើយលោកសង្ឃឹមថា ទៅថ្ងៃអនាគតខាងមុខ ខេត្តសៀមរាប នឹងមានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើនថែមទៀត ក្រោមកិច្ចទំនាក់ទំនងសហប្រតិបត្តិការនេះ​៕