(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយចាត់ទុកថា ការសម្រេចផ្អាកការចេញប្រភេទទិដ្ឋាការខ្លះដល់មន្រ្តីក្រសួងការបរទេស ក្រោមហេតុផលថា កម្ពុជាមិនសហការ មិនយល់ព្រម ឬពន្យារពេល ទទួលយកពលរដ្ឋដើមកំណើតខ្មែរនោះ គឺមិនសមហេតុផលនោះទេ ហើយផ្ទុយនឹងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងសហរដ្ឋអាមេរិក និងកម្ពុជាលើបញ្ហាកន្លងមកថែមទៀត។

ប្រតិកម្មរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើង ក្រោយពេលសហរដ្ឋអាមេរិក ប្រកាសផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍និងជំនួញ) ជូនមន្រ្តីក្រសួងការបរទេ ចាប់តាំងពី ថ្នាក់អគ្គនាយក រហូតដល់ថ្នាក់កំពូលនៃក្រសួងនេះ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ ក្រោមការចោទប្រកាន់ថា កម្ពុជាបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋខ្លួន ដែលអាមេរិកបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ។

ក្រសួងការបរទេស បានបញ្ជាក់ថា «ការកំហិតទិដ្ឋាការ គឺជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែការផ្សារភ្ជាប់ បញ្ហាមិនផ្តល់ទិដ្ឋាការនេះ ជាមួយនឹងបញ្ហាការបញ្ជូនពលរដ្ឋខ្មែរ ដែលមានពិរុទ្ធត្រឡប់មកកម្ពុជាវិញ គឺជាការមិនសមហេតុផល និងផ្ទុយពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងសហរដ្ឋអាមេរិក និងកម្ពុជាលើបញ្ហានេះកន្លងមក»។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេស បានឆ្លើយតបយ៉ាងច្បាស់ថា «កម្ពុជានៅតែត្រៀមលក្ខណៈទទួលយកពលរដ្ឋរបស់ខ្លួន ដែលអាមេរិក និងបញ្ជូនមក ហើយនឹងខិតខំធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យពលរដ្ឋខ្មែរទាំងនោះ ធ្វើសមាហរណកម្ម ក្នុងសង្គមជាតិ ដោយជោគជ័យ និងចាប់ផ្តើមជីវិតថ្មី របស់គេ ប្រកបដោយភាពសមរម្យ និងថ្លៃថ្នូបំផុត»