(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី បានអញ្ជើញចូលរួមពិធីរាប់បាត្រ ដារឆ្លងកាន់បិណ្ឌវេណទី៩ នៅវត្តសុវណ្ណមុន្នីសាគរសំរោងអណ្តែត ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រគេនបច្ច័យ និងសម្ភារមួយចំនួនដល់ព្រះចៅអធិការ ព្រះសង្ឃ លោកអាចារ្យ និងយាយជី ចំនួន៥៧អង្គ/នាក់ ព្រមទាំងទេយ្យទានជាគ្រឿងឧបភោគបរិភោគជាច្រើនមុខក្នុងរដូវភ្ជុំបិណ្ឌឆ្នាំនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំពីប្រពៃណីរបស់ខ្មែរ​ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមកហើយពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោក ទៅហើយដើម្បីទទួលបាន​ សេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។

ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា៕