(រតនគិរី)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំគណ:ប្រតិភូពីអាជ្ញាធរមីន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលតំបន់ ដែលរងគ្រោះដោយសារសហរដ្ឋអាមេរិក បានទំលាក់គ្រប់បែកមកលើទឹកដីដ៏កំសត់របស់កម្ពុជា ជាពិសេសភូមិភាគឥសាន្ត កាលពីសម័យសង្រ្គាមក្នុងទស្សវត្សទី៦០ និង៧០ នៅស្រុកវើនសៃ ខេត្តរតនគិរី។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានចាត់ទុកមរតកអាមេរិក ដែលបានបន្សល់ទុកឲ្យកម្ពុជា ក្នុងអំឡុងសង្គ្រាមវៀតណាម ទស្សវត្សទី៦០ និង៧០ គឺជាបន្ទុករ៉ាប់រងដ៏ធ្ងន់ធ្ងរ របស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។

ការលើកឡើងដូចនេះរបស់លោក លី ធុជ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋជាង៤០គ្រួសារ ដែលរស់នៅលើតំបន់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាម និងពិនិត្យមើលជាក់ស្តែងនូវសកម្មភាពបោសសំអាត យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរបស់អង្គការ MAG ស្ថិតនៅទីតាំង តាមផ្លូវជាតិ ៧៨ A ត្រង់ចំណុច ភូមិប៉ុង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

ថ្លែងក្នុងឱកាសនោះផងដែរលោកទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការអាជ្ញាធរមីនរូបនេះ បានឲ្យដឹងទៀតថា គ្រាប់បែកអាមេរិកទាំងនេះ បានធ្វើឲ្យប្រជាជនកម្ពុជាស្លូតត្រង់ ស្លាប់ និងរបួសរងគ្រោះខ្លោចផ្សា បន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រារាប់មិនអស់ និងភាពក្រីក្រវេទនារកអ្វីប្រៀបផ្ទឹមពុំបាន ទាំងពីសម័យសង្រ្គាម រហូតដល់បច្ចុប្បន្ន។

គួរបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជា ផ្ទៃដីដែលមិនទាន់បានបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មានចំនួន១៩៧០ គីឡូម៉ែតការ៉េ ហើយផ្ទៃដីដែលបោសសំអាតរួច គិតពីឆ្នាំ១៩៩២ ដល់បច្ចុប្បន្ន បានចំនួន១៦២៧ គីឡូម៉ែតការ៉េ ដោយឡែកភូមិភាគឥសាន្ត ផ្ទៃដីរំដោះបាន២៦គីឡូម៉ែតការ៉េ ហើយនៅសល់ ផ្ទៃដី ចំនួន៣៩៩ គីឡូម៉ែតការ៉េទៀតនៅភូមិភាគឥសាន្ត មិនទាន់បានរំដោះ។

ដោយឡែក គ្រាប់ដែលបោសសំអាតនៅទូទាំងប្រទេស គិតពីឆ្នាំ១៩៩២ ដល់បច្ចុប្បន្ន រួមមាន មីនប្រឆាំងមនុស្សមានចំនួនជាង១លាន គ្រាប់៤ម៊ឺន គ្រាប់ និងមីនប្រឆាំងរថគ្រោះមានចំនួនជាង ២ម៊ឺន៤ពាន់គ្រាប់៕