(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំគណៈប្រតិភូ​ខេត្ត ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែន លេខ៧០១ ឈរជើងការពារបូរណភាពទឹកដី​ នៅតាមបន្ទាត់ព្រំដែន​កម្ពុជា-ឡាវ នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

អភិបាលខេត្តស្ទឹងត្រែង ​បាន​នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះកងកម្លាំងទាំងអស់ ដែលកំពុងតែឈរជើង ដើម្បីការពារបូរណភាពទឹកដី​កម្ពុជា។

ជាមួយគ្នានោះ លោក ម៉ុម សារឿន ក៏បាននាំយកអំណោយ​ របស់សម្តេចក្រឡាហោម ស ខេង ជូនដល់អង្គភាពវរៈសេនាតូច នគរបាល ការពារព្រំដែនលេខ៧០១ ដែលមានថវិកាសរុបចំនួន ១៥,៦៥០,០០០រៀល, អង្ករ​៥តោន, មុងការពារមូស​២០០, ឱសថព្យាបាលជំងឺ គ្រុនចាញ់​​២៥ប្រអប់, តេស្តពិនិត្យជំងឺគ្រុនចាញ់​២៥តេស្ត, ថ្នាំប៉ារ៉ា​៥០០គ្រាប់, ថ្នាំវីតាមីនចម្រុះ​៥០០គ្រាប់, ថ្នាំដាក់ទឹកស្អាត​​២,០០០គ្រាប់ និងជូនថវិកា ដល់កងម្លាំងម្នាក់ៗ ចំនួន​៥០,០០០រៀល សម្រាប់ឱកាសបុណ្ឌភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ​៕