(ភ្នំពេញ)​៖ ឧកញ៉ា​ ជួប​ ច័ន្ទ​ ដែល​ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ ត្រូវ​បាន​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ២០១៧នេះ​ តែ​នីតិវិធី​នៅ​បន្ត​ដដែល​ ពោលនៅពេលតំណាងអយ្យការកោះហៅពេលណា ត្រូវចូលទៅបំភ្លឺនៅពេលនោះ។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចំពោះ​មូលហេតុ​ នៃ​ការ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នេះ​ ដោយសារ​យោង​លើ​ «ដីកា​សម្រេច​រក្សា​ការពារ​ ស្តីពី​ការ​រឹបអូស​ជា​បណ្ដោះ​អាសន្ន​» លេខ​២៩៧"ង"ដ.រ​ ចេញ​ដោយ​លោក​ ហេង​ សុខណា​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ ។

មន្ត្រី​ដដែល​បានបន្ត​ថា​ យោង​តាម​ដីកា​សម្រេច​រក្សា​ការពារ​ ស្តីពី​ការ​រឹបអូស​ជា​បណ្ដោះ​អាសន្ន​ នេះ​ គឺ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ សែក​នេះ​ត្រូវ​បាន​អស់​សុពលភាព​ហើយ​។​ ដូច្នេះ​ វា​មិន​អាច​បង្កើត​បានជា​បទល្មើស​ទេ​។​ ទោះបី​យ៉ាងណា​ មន្ត្រី​ដដែល​សង្កត់​ធ្ងន់​ថា​ «ឧកញ៉ា​ ជួប​ ច័ន្ទ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មែន​ តែ​នីតិវិធី​តុលាការ​នៅ​ដដែល​»

ចំពោះការអនុញ្ញាតឲ្យឧកញ៉ា ជួប ច័ន្ទ ត្រឡប់ទៅផ្ទះវិញនេះ ត្រូវបានដើ​មបណ្តឹងមិនពេញចិត្តនោះឡើយ និងសូមអំពាវនាវឲ្យមន្រ្តី តុលាការអនុវត្តតាមនីតិច្បាប់ជាធរមាន។

ឧកញ៉ា​ ជួប​ ច័ន្ទ​  ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​ តាម​ការ​ឯកភាព​ឱ្យ​ឃាត់ខ្លួន​របស់​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ លោក លីវ វុទ្ធី តំណាង​ឱ្យ​ក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់​ បាន​ដាក់ពាក្យប្តឹង​ឧកញ៉ា ជួប ច័ន្ទ ពីបទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួនជាងមួយ​លានដុល្លារអាមេរិក ។

ប្រភពបន្តថា​ ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នេះគឺ ឧកញ៉ា ជួប ច័ន្ទ បានរកស៊ីជាមួយ ក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ប្រមាណ៣លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមក លោកឧញ៉ា គឹម កៅ បានទារប្រាក់នេះវិញ ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅឧកញ៉ា គឹម កៅ ដែល​មានទឹកប្រាក់ជាងមួយ​លានដុល្លារអាមេរិក ដោយបានកំណត់​ ឱ្យ​ទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២១០៧។

ប៉ុន្តែពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថាមូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ ។  ក្រោយបានទទួលពាក្យបណ្តឹងរបស់​លោក លីវ វុទ្ធី​ រួចហើយ​ សមត្ថកិច្ចបានអញ្ជើញឧកញ៉ា ជួប ច័ន្ទ ឱ្យ​ចូលបំភ្លឺលើពាក្យបណ្តឹងនេះ​។​ ពេលឧកញ៉ា ជួប ច័ន្ទ ចូលបំភ្លឺក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តងដោយយោងតាមការឯកភាពពីលោកស៊ិន វិរៈ ព្រះរាជអាជ្ញារង អមសាលាដំបូង​រាជធានីភ្នំពេញ ៕