(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថា (GMAC) បានសំដែងការស្វាគមន៍ ចំពោះការបង្កើតក្រុមការងាររួមថ្មី របស់គណៈកម្មការប្រឹក្សាការងារ (LAC) សម្រាប់ការងារកំណត់ប្រាក់ឈ្នួលអប្បរមាថ្មី សម្រាប់ឆ្នាំ២០១៨។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់ GMAC ដែល Fresh News ទើបទទួលបាននៅថ្ងៃទី១៤ ខែកញ្ញានេះ។

ទោះយ៉ាងណាក្តី សមាគមបានសំដែងក្តីបារម្ភបន្តិចថា ការកើនឡើងខ្លាំងនៃប្រាក់ឈ្នួល ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងប៉ះពាល់សមត្ថភាពប្រកួតប្រជែង ខណៈប្រាក់ចំណេញនៃឧស្សាហកម្មនេះ  កាន់តែមានចំនួនតិចទៅៗ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំ នៅក្រសួងការងារកាល ពីថ្ងៃអង្គារផងដែរនោះ បានថ្លែងថា៖ «យើងស្វាគមន៍យន្តការបង្កើតក្រុមការងាររួមគ្នានេះ ប៉ុន្តែនៅពេលមានការកើនឡើង ប្រាក់ឈ្នួលអប្បបរមាខ្ពស់ពេក យើងបារម្ភខ្លាំងថា ប្រាក់ចំណេញនៃឧស្សាហកម្មនេះ នឹងធ្លាក់ចុះខ្លាំងមិនអាចមាននិរន្តភាព ឬមិនសមស្របសម្រាប់អត្រាប្រាក់ ចំណេញពីការវិនិយោគ»

គួររំលឹកផងដែរថា គណៈកម្មការប្រឹក្សាការងារ ដែលដឹកនាំដោយឯឧត្តម អ៊ិត សំហេងជាប្រធាន និងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះបានជួបប្រជុំជាត្រីភាគីគឺតំណាងមកពីខាងក្រសួង តំណាងសហជីព និងGMAC ដែលតំណាងនយោជក់ បានឯកភាពយល់ព្រមក្នុងការបង្កើត ក្រុមការងាររួមដោយក្នុង១ក្រុម មានសមាជិក១៦រូប និងសន្មត់ក្នុងជួបប្រជុំលំអិតនៅថ្ងៃទី២៥ នាពេលខាងមុខនេះ៕