(កោះកុង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញ ប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងខេត្តកោះកុងចំនួន៥រូប ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហា​ផ្ទៃ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដោយមានការចូលរួមពីប្រធានគ្រប់បណ្តាអង្គភាព ជុំវិញខេត្តជាច្រើនរូបផងដែរ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរងខេត្ត លោក ប៉ាវ ហមផាន បានផ្តាំផ្ញើដល់អភិបាលរងថ្មីទាំង៥រូប ដែលទើបប្រកាស ផ្ទេរភារកិច្ច និងតែងតាំងចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ទៅលើការងារតាំងខ្លួនបម្រើប្រជាពលរដ្ឋត្រូវយក ប្រជាពលរដ្ឋម្ចាស់មិនត្រូវយក ខ្លួនឯងធ្វើធំទេ ហើយត្រូវបំរើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាពនៅគ្រប់មូលដ្ឋាននឹងហើយ ធ្វើយ៉ាងណាឲ្យភូមិ ឃុំមានសុវត្តិភាពគ្រប់មូលដ្ឋាន និងត្រូវដឹងពីទុកលំបាករបស់ប្រជាពលរដ្ឋត្រូវរកដំណោះស្រាយជូនគាត់ឲ្យបាន លឿនបើអាចដោះបាននូវពេលពួកគាត់ជួបបញ្ហា។

លោក ប៉ាវ ហមផាន បានបន្តថា ក្នុងនាមជាអភិបាលរងខេត្តថ្មី យើងត្រូវរៀនបទពិសោធន៍ក្នុងការងារឲ្យបានច្រើនមិនត្រូវចេះជំនាញ តែ១មុខទេ គឺត្រូវចេះឲ្យបានគ្រប់ជំនាញទាំងអស់ដើម្បីបម្រើដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវសាមគ្គីគ្នា ស្រឡាញ់គ្នា រក្សាផ្ទៃក្នុងឲ្យរឹងមាំ ជាពិសេសត្រូវស្រឡាញ់ប្រជាពលរដ្ឋដូចស្រឡាញ់គ្រួសាររបស់ខ្លួន មិនត្រូវយកប្រយោជន៍ខ្លួនឯងធំជាង ប្រយោជន៍រួមនាំឲ្យបាត់បង់តម្លៃជា អ្នកដឹកនាំធ្វើខូចឈ្មោះដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាជាខាច់ខាត។

លោក សុខ សុទ្ធី តំណាងឲ្យអភិបាលរងទាំង៥រូប បានធ្វើការប្តេជ្ញាចិត្តថា ដើម្បីឲ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលប្រគល់ជូនពួកលោកត្រូវតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទៅលើការងារ ដើម្បីប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ឲ្យអស់ពីសមត្ថភាពត្រូវ បន្ទាបខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ និងខិតខំការពារភូមិ-ឃុំ ឲ្យមានសុវត្តិភាពដោយមិនគិតពីនិន្នាការនយោបាយ ណាមួយឡើយហើយស្រឡាញ់ ប្រជាពលរដ្ឋដូចក្រុមគ្រួសារតែ១ ហើយខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចម្រើនដោយមិនគិតពីការ នឿយហត់អ្វីឡើយនឹងត្រូវរក្សាភាពថ្លៃថ្នូរ សីលធម៌ល្អ ឲ្យស្របទៅតាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ជូន៕