(ពោធិ៍សាត់)៖ មន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ប្រមាណ១៧៨នាក់ ក្នុងនោះស្រី៥៧នាក់ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានទទួល អំណោយពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពង់ធំ ដើម្បីសម្តែងនូវទឹកចិត្តគោរពស្រឡាញ់គ្នា ដូចជាគ្រួសារតែមួយដើម្បីយើងទាំងអស់គ្នាជួបជុំ ក្រុមគ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលជាបុណ្យប្រពៃណីខ្មែរយើងនាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណមកម្ល៉េះ។

លោក ម៉ៅ ធនិន បានសម្តែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលកំពុងបម្រើការងារនៅក្នុងសាលាខេត្តហើយដែលបាន ខិតខំប្រឹងប្រែងបម្រើការងារ ទៅតាមតួនាទីភារៈកិច្ច ជូនសង្គមជាតិ និងជាសេនាធិការឲ្យថ្នាក់ដឹកនាំ ទាំងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ទទួលបានលទ្ធផលល្អប្រសើរ។ លោកបានបន្តទៀតថា មន្រ្តីរាជការសាលាខេត្ត គឺជាក្បាលម៉ាស៊ីនលើការងារគ្រប់គ្រងនូវរាល់កិច្ចការទាំងអស់ នៅក្នុងខេត្ត ដូចេ្នះត្រូវតែមានចិត្តទូលំទូលាយ មិនរើសអើង ស្មោះត្រង់ ស្អាតស្អំ បង្កើតការសាមគ្គីផ្ទៃក្នុង និងជាមួយមន្ទីរ អង្គភាព ស្រុក-ក្រុង ឃុំ-សង្កាត់ ពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ មន្ត្រីរាជការ ត្រូវបន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ពង្រឹងការគ្រប់គ្រងឯកសារ លិខិតស្នាម ពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ និងត្រូវលះបង់នូវភាពអសកម្ម ដើម្បីក្លាយជាកម្លាំងចលករ ក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្ត។ ជាងនេះទៅទៀតនៅក្នុងខេត្តយើងពិនិត្យឃើញថា មានកន្លែងជាច្រើន ទាំងក្រុង និងស្រុក ត្រូវការធនធានមនុស្ស គឺមានតែក្មួយៗនេះហើយ ជាទំពាំងស្នងឬស្សី ដែលមានសមត្ថភាពអាចនឹងចូល ទៅបម្រើការនៅទីនោះ។

លោក ម៉ៅ ធនិន បានបន្តថា ជាការពិតណាស់ថាធ្វើជាមេដឹកនាំគេ ត្រូវតែមានព្រហ្មវិហាធម៌ទាំង៤ ទើបថ្នាក់ក្រោមគោរព បើមិនដូច្នេះទេ ពិតជាជួបការលំបាកជាមិនខាន។ ការតែងតាំងមន្ត្រី ក៏ត្រូវអនុវត្តទៅតាមច្បាប់ មិនប្រកាន់បក្ខពួក និងសូកប៉ាន់ឡើយ បើមានករណីនេះកើតឡើង ត្រូវបញ្ឈប់ជាបន្ទាន់ដើម្បីផ្តល់យុត្តិធម៌ ដល់អ្នកគ្មានធនធាន ចំពោះសមត្ថភាពដែលគេមានគ្រប់គ្រាន់។

ដោយសម្តែងនូវទឹកចិត្តគោរពស្រឡាញ់គ្នា ដូចជាគ្រួសារតែមួយ និងដើម្បីយើងទាំងអស់គ្នាជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីខ្មែរជាលើកទី៣នេះ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី បានរៀបចំនូវអំណោយជូនដល់មន្រ្តីរាជការប្រមាណ១៧៨នាក់ក្នុងម្នាក់ៗ ទទួលបាន អង្ករដំណើប៥គីឡូក្រាម, សណ្តែកបាយ២គីឡូក្រាម, តាំងហ៊ុន២គីឡូក្រាម និងថវិកា១០ម៉ឺនរៀល។ ដោយឡែកមន្ត្រីរាជការជានារីប្រមាណ៥៧នាក់ ត្រូវបានទទួលក្រណាត់អាវប៉ាក់ បន្ថែមម្នាក់១ផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តអាណិតអាសូរក្រៃលែងតាមរយៈការចូលរួមដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលទូរស័ព្ទ និងចូលមកដល់សាលាខេត្តដោយផ្ទាល់ និងបន្តជូនស្បៀង សម្រាប់ដោះស្រាយជាបឋមទៅដល់ពួកគាត់ ទៅតាមលទ្ធភាពជាក់ស្តែង៕