(កោះកុង)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និ​ងយុវតីសម្បទាខេត្តកោះកុង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១តុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកស្រី មិថុនា ភូថង អភិបាលខេត្ត និងមានការចូលរួមពី​គ្រប់បណ្តាអង្គភាពជុំវិញខេត្ត និង​​ពលរដ្ឋ​ជិត៥០០នាក់ផងដែរ។

ការប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១តុលា មន្ទីរសង្គមកិច្ចខេត្ត បានធ្វើការផ្តល់នៅគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន ជូនដល់មនុស្សចាស់ជិត៥០០នាក់ផងដែរ។

​លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានថ្លែងថា ការប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ជារៀងរាល់ឆ្នាំយ៉ាងទៀងទាត់នេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធិភាពសំដៅលើស្ទួយសុខុមាលភាព របស់មនុស្សចាស់ ម៉្យាងវិញទៀតទិវានេះ ក៏មានគោលបំណងចង់បង្ហាញផងដែរថា មនុស្សចាស់ជាធនធានដ៏មានសារៈសំខាន់ណាស់ ដែលផ្តល់នូវចំណេះដឹង និងបទពិសោធន៍ជាច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយៗទៀត ដែលក្នុងន័យនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថាមនុស្សចាស់ ជាគតិបណ្ឌិតសម្បត្តិវប្បធម៌ជាតិ និងជាមរតកជាតិ ដែលមិនអាចកាត់ថ្លៃបានទៀតផង។

ជាមួយគ្នានោះ លោកស្រី មិថុនា ភូថង ក៏បាន​អាន​សារលិខិតរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ហើយក្រោយពីអានខ្លឹមសារទាំងស្រុង លោកអភិបាលខេត្ត បានធ្វើការសំណេះសំណាល និងសួរសុខទុកលោកតា លោកយាយ អ៊ុពូ មីង និងបានផ្តល់នូវអំណោយជូន​ផងដែរ៕