(ភ្នំពេញ)៖ ដោយគិតពីបញ្ហាសុវត្ថិភាពសុខភាពជាចំបង និងក្នុងរដូវបុណ្យភ្ជុំបិណ្ឌនោះ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ទី រ៉ូនី ប្រធានសាខាទទួល​ការិយាល័យ​​ប្រមូលចំណូល និងទីផ្សារ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ បានចុះ​ត្រួតពិនិត្យផលិតផលចំណីអាហារ និងគ្រឿងភេសជ្ជៈគ្រប់ប្រភេទ នៅក្នុងផ្សារទឹកថ្លា និងម៉ាតកាល់​តិច ​ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ទី រ៉ូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផល ចំណីអាហារវេចខ្ចប់ជាផ្លាស្ទិក ដាក់កំប៉ុង និងគ្រឿងអាហារ​ក្រៀមមួយចំនួនទៀត ដែលកំពង់ចរាចរ ដាក់លក់នៅក្នុង
ផ្សារទឹកថ្លា និងតាមម៉ាតកាល់តិច។ ពេលចុះត្រួតពិនិត្យ​មន្រ្តីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យ រកមើលកាលបរិច្ឆេទ ហួសសុពលភាព ដើម្បីដកហូតយកទៅកម្ទេចចោល។

ជាមួយគ្នានេះ ក្រុមការងារក៏បានបិទស្ទិកគ័រ បង្ហាញពីរូបគ្រឿងកំប៉ុងដែលគួរយកប្រើប្រាស់ និងមិនត្រូវយកមកបរិភោគ ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដើម្បីយល់ដឹងពីផលប៉ះពាល់ដល់សុខភាពផងដែរ ។

លោកប្រធាន បានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាសយដ្ឋានរបស់អ្នកដែល យកមកលក់​ឲ្យខ្លួន ឬវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូល​ក្នុងការចុះ​ស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការ ទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។

ក្នុងពេលចុះត្រួតពិនិត្យគុណភាពទំនិញនោះលោក ទី រ៉ូនី បានសរសើរដល់អាជីវករ ដែលបានយល់ពីផលប៉ះពាល់សុខភាព ដោយដាក់លក់នូវផលិតផលនំ ចំណី អាហារ មានលក្ខណៈល្អ មិនលក់គ្រឿង ដែលហួសសុពលភាព ឬផលិតផលបែក បាក់កំពិតនោះទេ។

ជាមួយគ្នានេះ លោកក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា
ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួង​ពាណិជ្ជកម្ម​​សាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិងកំពុង
បន្តយុទ្ធនាការចុះត្រួតពិនិត្យ មើលទំនិញដែលដាក់តាំង​លក់តាមទីផ្សារ ដើម្បីចូលរួមចំណែក លើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕