(កណ្តាល)៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញលិខិតកោះហៅ លោក ឃឿន សុឡា ហៅ «K01» ដែលគេស្គាល់ទូទៅថា ជាអ្នកយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម Facebook ពាក់ព័ន្ធការចុះទៅយកព័ត៌មានផ្ទាល់ និងផ្សាយពីព្រឹត្តការណ៍ នៃការចុះអនុវត្តសាលដីកា របស់តុលាការកំពូល រឹបអូសយកដីធ្លីពីពលរដ្ឋ៣គ្រួសារ នៅតាមបណ្តោយផ្លូវ២១ ក្នុងស្រុកស្អាង ខេត្តកណ្តាល កាលពីប៉ុន្មានថ្ងៃមុននេះ។ តាមលិខិតកោះហៅនេះ លោក K01 តម្រូវឲ្យចូលទៅបំភ្លឺ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។

នៅក្នុងលិខិតកោះហៅរបស់លោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្តាល កាលពីម្សិលមិញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះថា «យើងមន្រ្តីនគរបាលយុត្តិធម៌កោះហៅ ឈ្មោះ ឃឿន សុឡា (K01) អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៥៧ ផ្លូវលេខ៨៧BT ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកយកព័ត៌មានចូលមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីសាកសួរបំភ្លឺរឿងផ្ទាល់ខ្លួន»

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន នៅរសៀលថ្ងៃនេះ បានបញ្ជាក់បន្ថែមមកកាន់អង្គភាពព័ត៌មាន Fresh News ថា លោកពិតជាបានឲ្យមន្រ្តី នគរបាលរបស់លោក ចេញលិខិតកោះហៅ K01 មែនតបតាមការបញ្ជារបស់លោកព្រះរាជអាជ្ញា ដែលការកោះហៅនេះ គឺពាក់ព័ន្ធការផ្សាយព័ត៌មាន ស្តីពីការព្រឹត្តការណ៍ចុះ អនុវត្តសាលដីការឹបអូសដីធ្លី នៅស្រុកស្អាងនោះមែន។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានតាមរយៈការ Live ផ្ទាល់របស់ K01 ដែលមានគេចូលមើលយ៉ាងច្រើននោះ បានធ្វើឡើងដោយមិនមានការពិត ទាំងស្រុង ពោលផ្សាយដោយផ្តោតទៅលើតែការលើកឡើងម្ខាង ដោយពុំមានការសួរនាំខាងមន្រ្តីជំនាញ អាជ្ញាធរ និងមន្រ្តីតុលាការ យកទៅបកស្រាយឡើងវិញ ដូច្នេះវាធ្វើឲ្យមានការភ័ន្តច្រឡំ និងយល់ខុសមកលើការអនុវត្តសាលដីកានេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ចុះអនុវត្តសាលដីការបស់តុលាការកំពូល ពីសំណាក់អាជ្ញាសាលានៃអយ្យការអម សាលាដំបូងខេត្តកណ្ដាល ដឹកនាំកម្លាំងសមត្ថកិច្ច​ជិត១០០នាក់ ចុះទៅរឹបអូសយកដីធ្លី និងវាយកម្ទេចលំនៅដ្ឋាន៣ខ្នង សង់នៅតាមផ្លូវជាតិលេខ២១A តាំងពីឆ្នាំ១៩៨៧ ក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល តាំងពីព្រលឹមរហូតដល់កណ្ដាលថ្ងៃត្រង់ទី០៨ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ បានក្លាយជាប្រធានបទដ៏ក្ដៅមួយ ត្រូវបានចែករំលែកនៅតាមបណ្ដាញសង្គម Facebook យ៉ាងព្រោងព្រាត ដោយមតិភាគច្រើនបំផុតបានចាត់ទុកថា​ ការអនុវត្តនេះធ្វើឡើងដោយអយុត្តិធម៌។

ប៉ុន្តែភ្លាមៗ និងចេញមកការពារការលើកឡើងខាងលើនេះ ទាំងព្រះរាជអាជ្ញា និងអាជ្ញាធរខេត្ត បានចេញមកពន្យល់ខាងផ្លូវច្បាប់ថា ប្រជាពលរដ្ឋទំាង៣គ្រួសារនេះ ពុំមានឯកសារត្រឹមត្រូវខាងគតិយុទ្ធលើការកាន់កាប់ដីនោះឡើយ និងម្យ៉ាងទៀតអ្នកទាំង៣គ្រួសារ បានទៅសុំដីគេនៅ លុះយូរទៅ សាងសង់ផ្ទះមិនព្រមប្រគល់ជូន ម្ចាស់ដើមវិញ។

កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានបើកកិច្ចប្រជុំរកដំណោះស្រាយជូនប្រជាពលរដ្ឋ៣គ្រួសារខាងលើ ហើយជាលទ្ធផលលោកអភិបាលខេត្ត បានសម្រេចដោះស្រាយជូនប្រជាពលរដ្ឋទាំង៣គ្រួសារ ដោយរកដីនៅទីតាំងផ្សេង ដែលស្ថិតក្នុងឃុំទួលក្រសាំងនោះជូនពួកគាត់វិញ។

មន្រ្តីសាលាខេត្តកណ្តាលបានឲ្យដឹងថា ដំណោះស្រាយនេះគឺគ្រួសារលោក ប៉ុន ថន ទទួលបានដីទំហំ 10 ×12 ម៉ែត្រ និងប្រាក់ចំនួន ៣,០០០ដុល្លារ, គ្រួសារ ឈ្មោះ អ៊ុង អ៉ឹម ទទួលបានដីទំហំ 5×12ម៉ែត្រ និងថវិកា ១,៥០០ដុល្លារ ហើយគ្រួសារឈ្មោះ សែ គឹមអូន ទទួលបានដី 5×12ម៉ែត្រ និងថវិកា ១,៥០០ដុល្លារ។ ផ្ទះរបស់ប្រជាពលរដ្ឋទាំង ៣គ្រួសារនេះ គឺអាជ្ញាធរជារ៉ាប់រងសាងសង់ជូនពួកគាត់។ ប្រជាពលរដ្ឋទាំង ៣គ្រួសារ បានទទួលយកនូវដំណោះស្រាយរបស់លោកអភិបាលខេត្តកណ្តាល និងប្រកាសថា មិនធ្វើការតវ៉ាអ្វីទៀតនោះឡើយ៕