(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បើគ្មានជំនួយពីបរទេស តួយ៉ាងដូចជំនួយអាមេរិក ក៏មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោត នៅកម្ពុជាឡើយ ពីព្រោះថវិការដ្ឋបានត្រៀមគ្រប់គ្រាន់រួចស្រេចហើយ ក្នុងការប្រើប្រាស់សម្រាប់ដំណើរការបោះឆ្នោត។

លោកថ្លែងបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី៖ ដំណើរការប្រព្រឹត្តទៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះឆ្នោតនៅតាមឃុំ-សង្កាត់, លទ្ធផលបណ្ដុះអាសន្ននៃការចុះឈ្មោះបោះឆ្នោត និងការផ្សព្វផ្សាយស្ដីពី ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការ គ.ជ.ប។

លោក ហង្ស ពុទ្ធា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា ប្រទេសកម្ពុជា ជាប្រទេសមានអធិបតេយ្យភាពរបស់ខ្លួន ជារៀងរាល់ឆ្នាំ ពិសេសឆ្នាំបោះឆ្នោតតែម្ដង សភាបានសម្រេចផ្ដល់ថវិកាសម្រាប់ការបោះឆ្នោត ទោះបីជាអត់មានជំនួយពីណាមក ក៏លុយរបស់រដ្ឋាភិបាលគ្រោងទុកស្រេចហើយ ប៉ុន្តែបើមានជំនួយវិញ បានន័យថាថវិកាជំនួយនោះ នឹងត្រូវកាត់ចេញពីថវិការបស់រដ្ឋ ប៉ុន្តែបើថា​អត់លុយបោះឆ្នោត គឺអត់មានទេ គ.ជ.ប នៅតែដំណើរការបោះឆ្នោតតាមការគ្រោងទុក»

លោកបានបន្តថា កន្លងមក អង្គការ USAID បានឧបត្ថម្ភរថយន្តចំនួន៦គ្រឿង ដល់ គ.ជ.ប ចំណែកអង្គការរបស់សហរដ្ឋអាមេរិកឈ្មោះ អាយហ្វេស ក៏បានដាក់ការិយាល័យនៅ គ.ជ.ប ជួយធ្វើការ គ.ជ.ប ផងដែរ ប៉ុន្តែបើគ្មានជំនួយពីបរទេសទាំងនោះ ក៏មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា និងមិនប៉ះពាល់ដល់ការងាររបស់ គ.ជ.ប ដែរ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា គ.ជ.ប អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយខ្លួនឯងបាន ទាំងផ្នែកធនធានមនុស្ស និងប្រតិបត្តិការដំណើរការបោះឆ្នោត ហើយ គ.ជ.ប ជាអង្គភាពស្នូលដ៏សំខាន់ក្នុងការទទួលខុសត្រូវ​ លើប្រជាពលរដ្ឋរាប់លាននាក់នៅប្រទេសកម្ពុជា ដូច្នេះបើអវត្តមានដៃគូណាមួយ មិនមែនជាបញ្ហាសម្រាប់ គ.ជ.ប នោះទេ។

សូមជម្រាបថា ក្នុងពេលថ្មីៗនេះ ភាពល្អក់កករនៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បង្ហាញពីភាពក្ដៅគគុកនៅលើ បណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គម Facebook ដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភពីសំណាក់មហាជនទូទៅ ពីការកាត់ផ្ដាច់ជំនួយដល់កម្ពុជា រួមទាំងជំនួយនៅ គ.ជ.ប ផងដែរ៕