(ភ្នំពេញ)៖ វាពិតជាគួរឱ្យសោកស្តាយមែនទែន ដែលកម្ពុជាមានអ្នកក្បត់ជាតិបានកើតឡើងនៅកម្ពុជា! ពួកគេពិតជារីករាយនៅពេលដែលបានបំផ្លាញខ្មែរបានសម្រេច និងពេលឃើញបរទេសប្រមាថជាតិខ្មែរដោយទង្វើដ៏អាក្រក់របស់ខ្លួន។ កូនស្រីទាំងពីររបស់ កឹម សុខា ដែលគេសង្ស័យថា មានការជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅនៅក្នុង សំណុំរឿងក្បត់ជាតិរបស់ឪពុកខ្លួន បានទះដៃអបអរសាទរចំពោះការសម្រេចរបស់អាមេរិកមិនផ្តល់ទិដ្ឋាការ ដល់មន្ត្រីក្រសួងការបរទេសកម្ពុជា ជាវិធានការឆ្លើយតប នឹងកម្ពុជាដែល ព្យួរការអនុវត្តអនុស្សរណៈយោគយល់លើការទទួលជនភៀសខ្លួននៃប្រទេសទាំងពីរដោយ ភាគីកម្ពុជាស្នើសុំពន្យារពេល ដើម្បីធ្វើការកែសម្រួល កិច្ចព្រមព្រៀងនោះជាមុនសិន។

វិធានការនេះទោះបីមិនជាប់ទាក់ទងនឹងរឿង កឹម សុខា ក្បត់ជាតិ ប៉ុន្តែកូនស្រីទាំងពីរនេះបានភ្ជាប់បញ្ហានេះទៅនឹងរឿងនយោបាយ ហើយបង្ហាញពីភាពជោគជ័យខ្លួន ក្នុងការកៀងគរសហគមន៍អន្តរជាតិដាក់សម្ពាធលើកម្ពុជា។

នៅក្នុងទំព័ររបស់ខ្លួន កឹម មនោវិទ្យា បានសរសេរថា គឺជា «ពេលវេលាដ៏ល្អណាស់ ដែលអាមេរិកបានហាមឃាត់មន្ត្រីកម្ពុជាមួយចំនួន។ សង្ឃឹមថាអង់គ្លេស និងអូស្ត្រាលីនឹង អនុវត្តតាមនេះដែរ ដោយសារតែប្រទេសទាំងនេះគឺជាកន្លែងដែលឥស្សរជនគណបក្សប្រជាជនចូលចិត្ត»។ សារនេះត្រូវបានបន្ទរបន្ថែមដោយប្អូនស្រីខ្លួន កឹម សម្មាធិតា។ ដោយសារតែ កឹម មនោវិទ្យា គឺជាអនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ តើសម្តីនេះគឺជាគោលជំហររបស់គណបក្ស ប្រឆាំងមួយនេះដែលតែងតែអំពាវនាវ ឱ្យសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតដាក់សម្ពាធលើខ្មែរទេ?

បើសិនជាគោលជំហររបស់បក្សសង្គ្រោះជាតិ នោះវាពិតជាគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់។ តើកូនស្រីរបស់ កឹម សុខា អាងអំណាចឪ ជាប្រធានបក្សមិនស្តាប់ចាស់ទុំក្នុងបក្ស ពុលទឹកមាត់ដូចអនុប្រធានបក្ស មូរ សុខហួរ និង អេង ឆៃអ៊ាង ឬយ៉ាងណា?

ខណៈជាតិខ្មែរកំពុងឈឺចាប់ចំពោះការប្រមាថ និងការមាក់ងាយរបស់មហាអំណាច ដែលបានបំផ្លាញខ្មែរដោយគ្រាប់បែក ជិតបីលានតោន និងការធ្វើទុក្ខបុកម្នេញ ផ្សេងទៀត រួមនឹងការគាំទ្រខ្មែរក្រហមប្រឆាំង នឹងការរស់រានជីវិតរបស់ប្រជាជនកម្ពុជាក្រោយពីរបបខ្មែរក្រហម កូនស្រីមេបក្សប្រឆាំងនៅកម្ពុជាដែលកំពុងប្រឈម នឹងទោសក្បត់ជាតិនេះ បាននិងកំពុងព្យាយាមបំផ្លាញកម្ពុជា តាមផែនការឪពុករបស់ខ្លួនដែលបានធ្វើជាសម្ងាត់ជាមួយអាមេរិក។ តើកូនស្រីទាំងពីររបស់កឹម សុខា ដែលមានមិត្តភកិ្តជាភ្នាក់ងារសម្ងាត់របស់អាមេរិកកំពុងតែបន្តអនុវត្តផែនការបដិវត្តន៍ពណ៌ពីឪខ្លួនឬយ៉ាងណា? ប្រសិនបើឪពុកខ្លួនត្រូវបាន ចោទប្រកាន់ថាជាជនក្បត់ជាតិ រួចទៅហើយនោះ សូមកូនៗកឹម សុខា កុំក្បត់ជាតិដូចឪរបស់ខ្លួន!

ពេលនេះគឺជាការរួមសាមគ្គីគ្នាជ្រោងទង់ជាតិកម្ពុជាទប់ទល់នឹងការប្រមាថរបស់បរទេស និងការបំភ្លៃព័ត៌មានបំផ្លាញរូបភាពកម្ពុជាថា ជាប្រទេសអសន្តិសុខនៅលើ ឆាកអន្តរជាតិ! កម្ពុជាជាកោះសន្តិភាព និងការអភិវឌ្ឍ! កម្ពុជាមិនត្រូវការក្រុមអ្នកក្បត់ជាតិ ត្រូវរ៉ូវជាមួយបរទេសដើម្បីបំផ្លាញជាតិខ្លួនឯងឡើយ! ការគ្រប់គ្រងប្រទេស ទាមទារការស្រឡញ់ជាតិ គិតគូរពីឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ មិនអាចយកការដឹកនាំប្រទេសតាមចិត្តរបស់ខ្លួននោះទេ ព្រោះធ្វើឱ្យខូចឧត្តមប្រយោជន៍ជាតិ ហើយអ្វីដែលក្រុមគ្រួសារកឹម សុខា កំពុងធ្វើជាការបំផ្លាញ់ជាតិទាំងស្រុង៕

ដោយ៖ ចៅចាក់ស្មុក