(ព្រះវិហារ)៖ លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ រួមទាំងប្រធាន-អនុប្រធាននាយកដ្ឋាន រមណីយដ្ឋាន និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានប្រារព្វពិធីសែនក្រុងពលី ដើម្បីសូមសេចក្តីសុខ ក្នុងឱកាសដង្ហែរលិង្គព្រះឥសូរ នាំយកទៅរក្សាទុកក្នុងសារៈមន្ទីរសកលធម្មជាតិសម្តេចតេជោ ក្រោយពីក្រុមការងារបុរាណវិទូ បានប្រទះឃើញ នៅលើថ្មកម្រាលខឿនខាងក្រោម នៃជណ្តើរបុរាណ ខាងជើងប្រាសាទព្រះវិហារ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារបានថ្លែងថា លិង្គព្រះឥសូរជាវត្ថុផលិត នាសម័យអង្គ សាងឡើងអំពីថ្មភក់មានប្រវែង២ម៉ែត្រ១តឹកកន្លះ ទទឹងជិត៣តឹក ដែលក្រុមការងារបុរាណវិទូ នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានប្រទះឃើញនៅលើថ្មកម្រាលខឿនខាងក្រោម នៃជណ្តើរបុរាណ ខាងជើងប្រាសាទព្រះវិហារ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ក្នុងពេលចុះសិក្សាស្រាវជ្រាវ ប្រព័ន្ធបង្ហូរទឹកបុរាណ នៅសងខាងជណ្តើរក្នុងគម្រោងស្តារប្រព័ន្ធទឹក ដែលកកស្ទះឡើងវិញ។

លោកបានបញ្ជាក់បន្តឲ្យដឹងទៀតថា ដើម្បីរក្សាការពារនូវវត្ថុបុរាណទាំងនេះបាន គឺដោយសារយើងមានសារៈមន្ទីដ៏ស្រស់ស្អាតមួយកន្លែង ដែលនៅជាប់និងទីប្រជុំជន មានឈ្មោះថា សារៈមន្ទីសកលធម្មជាតិសម្តេចតេជោ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រធានអាជ្ញាធរជាតិព្រះវិហារ លោក គឹម សេតារា បានបញ្ជាក់ឲ្យដឹងបន្ថែមដូច្នេះថា «នៅក្នុងរណ្តៅកំណាយ ជាមួយលិង្គព្រះឥសូរនេះដែរ គេបានប្រទះឃើញ បំណែកឧបករណ៍ថ្មកិនថ្នាំបុរាណចំនួន១ដុំ ធ្វើពីថ្មភក់ មានបណ្តោយ១៧សង់ទីម៉ែត្រ ទទឹង១៦សង់ទីម៉ែត្រ និងកម្រាស់៤ សង់ទីម៉ែត្រផងដែរ»៕