(ក្រចេះ)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈចំណីអាហារ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តច្រចេះ ដឹកនាំដោយលោក លាង បូរ៉ា និងលោក វ៉ា ថន អភិបាលរងខេត្តក្រចេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងចុះពិនិត្យ ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ នៅផ្សារសាមគ្គីក្រុងច្រចេះ និងតាមផ្ទះល្វែងជុំវិញផ្សារ ស្ថិតក្នុងក្រុងក្រចេះ ក្នុងឱកាសបុណ្យភុំបិណ្ឌនេះ។

លោក លាង បូរ៉ា បានថ្លែងថា ការចុះត្រួតពិនិត្យនេះ មើលទៅលើផលិតផលជាច្រើន ដែលប្រើប្រាស់ប្រចាំថ្ងៃនិងចំណីអាហារដែលអាជីវករដាក់លក់ ឲ្យពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ​និងពិនិត្យភេសជ្ជៈក្នុងស្លាដក់ខ្លាចអាជីវករលួចយកភេសជ្ជៈខូចគុណភាពដាក់បង្គប់ក្នុងស្លាដក់ (ទំនិញវេចខ្ចប់រួច) ដែលជំនាញធ្លាប់ចុះណែនាំជាច្រើនលើកច្រើនសារ។

លោក លាង បូរ៉ា បានបន្តថា ការចុះពិនិត្យលើកនេះ ពិនិត្យទៅលើចំណីអាហារ និងគ្រឿងកំប៉ុងជាច្រើនមុខ និងចែកបដាដែលនែនាំឲ្យអាជីវករ យល់ដឹងអំពីរបៀបយកផលិតផល ដាក់លក់ដែលត្រូវហាមឃាត់ដូចជា៖ កំប៉ុងច្រេះស៊ី, កំប៉ុងប៉ោង, កំពិត, ហួសការបរិច្ឆេទប្រើប្រាស់, គ្មានស្លាកសញ្ញាត្រឹមត្រូវ, ស្លាកសញ្ញាមិនត្រូវ, ក្លែងបន្លំគុណភាពមានគ្រោះ, ការដាក់តាំងលក់គ្មានអនាម័យ (រុយរោម ហុយធូលីដី និងកាកសំនល់ផ្សេងៗ...), ការដាក់តាំងលក់ជិតផលិតផលគីមី (សាប៊ូ ជីកសិកម្ម ថ្នាំសំលាប់សត្វល្អិត...)-ល-។

លោក លាង បូរ៉ា បានបញ្ជាក់ថា មន្រ្តីរបស់លោកចុះត្រួតពិនិត្យនៅព្រឹកថ្ងៃនេះ ដកហូតទំនិញខូចគុណភាព និងផលិតផលគ្មានស្លាកសញ្ញាបាន មួយចំនួនរួមមាន៖ ទឹកក្រូច, ទឹកម្ទេស, ទឹកស៊ីអ៊ីវ, ទឹកត្រ, ប្រេងខ្ចង យកទៅដុតបំផ្លាញចោល និងអប់រំពួកគាត់មិនឲ្យយករបស់មកដាក់តាំងលក់ ដែលខូតគុណភាពហួសការបរិច្ឆេទ និងផលិតផល គ្មានស្លាកសញ្ញាព្រោះវាជាកត្ដាដែលបណ្ដាល ឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕