(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នៅព្រឹកទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានបង្ហាញមុខក្រុមក្មេងទំនើង១៧នាក់ ដែលឆ្នៃបំពង់ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំលេងឮខ្លាំងរំខាននៅតាមដងផ្លូវសាធារណៈ ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំលេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និងបង្កឲ្យបាត់បង់ សណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ ក្នុងនោះមានម៉ូតូអត់មានពាក់ស្លាកលេខចំនួន១៦គ្រឿងផងដែរ។

ក្រោយពីធ្វើកិច្ចសន្យារួចមកលោក នេត ស៊ីថុន អធិការខណ្ឌ៧មករា បានបញ្ជាឲ្យក្មេងទំនើងទាំងអស់នោះ ធ្វើការដោះដូរបំពង់ស៊ីម៉ាំង ដែលឮខ្លាំងចេញ និងដាក់បំពង់ ស៊ីម៉ាំងធម្មតា ចូលវិញដោយខ្លួនឯងនៅនឹងកន្លែង ហើយបានផាកវិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ រួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា មិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ ឲ្យឮខ្លាំងៗរំខានដល់សាធារណជនទៀតឡើយ ចំណែកម៉ូតូអត់មានពាក់ស្លាកលេខចំនួន១៦គ្រឿង ត្រូវបាននគរបាលខណ្ឌ៧មករា ដឹកយកទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។

ជាមួយគ្នានេះ លោកអធិការ បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ក្រុមជនលេងម៉ូតូបំពងសម្លេង រំខានតាមដងផ្លូវបែបនេះ សរុបទាំងអស់មានចំនួន៥៤គ្រឿង។

លោកអធិការរង ហ័ន វិបុល ទទួលផែនសណ្តាប់ធ្នាប់ ក៏បានអំពាវនាវ ដល់មាតាបិតា អាណាព្យាបាល ជួយអប់រំ និងតាមការប្រើប្រាស់ម៉ូតូរបស់កូនចៅផង បើពឹងលើសមត្ថកិច្ចតែឯងមិនអាចគ្រប់គ្រងបានទាំងស្រុងទេ ទាល់តែមានការចូលរួមពីក្រុមគ្រួសារ ទើបអាចរក្សាសណ្តាប់ធ្នាប់សង្គម និងមានសុវត្ថិភាពបានល្អ៕