(ភ្នំពេញ)៖ គណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ទៅឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំនាទីក្រុងសឺហ្ស៊ែវ ប្រទេសស្វីសថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យសេរីភាពនៃគោរពសិទ្ធិមនុស្ស ការបញ្ចេញមតិ និងការគោរពលទ្ធិប្រជាធិបតេយ្យ ត្រូវបានបើកយ៉ាងទូលំទូលាយ។

លោក ជិន ម៉ាលីន សមាជិក នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់បែបនេះ នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ពេលវិលត្រឡប់មកពីចូលរួមនៅក្នុងកិច្ចប្រជុំ លើកទី៣៦ ស្តីពីបញ្ហាសិទ្ធិមនុស្ស នាប្រទេសស្វីស ដែលដឹកនាំដោយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធីមនុស្សកម្ពុជា។

លោក ជិន ម៉ាលីន បានផ្តល់សម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ដោយលោកបានពន្យល់ពីក្តីព្រួយបារម្ភរបស់ឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំដោយផ្តោត៣ចំណុចសំខាន់ៗ។

* ចំណុចទី១៖ ផ្តោតសំខាន់ទៅលើសមិទ្ធផលដែលកម្ពុជា សម្រេចបាន ជាពិសេសគឺ​សន្តិភាពពេញលេញដែលកម្ពុជា ទទួលបានចាប់ពីឆ្នាំ១៩៨៨ ទោះបីជាមានអន្តរាគមន៍ពី UN និងអ៊ុនតាក់ បានរៀបចំការបោះឆ្នាំ១៩៩៣ ក៏ដោយ និងកិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ក៏សន្តិភាពនៅកម្ពុជា មិនទាន់ទទួលបានពេញលេញទេទើបតែឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាព ពេញលេញរហូតមកដល់សព្វថ្ងៃនេះ។ ដោយសារតែសន្តិភាពនេះហើយ ទើបយើងទទួលបាន នូវអ្វីៗ គ្រប់​បែបយ៉ាងដូចថ្ងៃនេះ រួមទាំងការអភិវឌ្ឍ សេរីភាពសិទ្ធិមនុស្ស គោរពលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចគ្រប់បែបយ៉ាងទាំងអស់។

* ចំណុចទី២៖ ការបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងសិទ្ធិមនុស្សតាមរយៈការចូលជារដ្ឋសមាជិក នៃសន្ធិ​សញ្ញា អនុសញ្ញាអន្តរជាតិ មួយចំនួន និងការការបំពេញកាតព្វកិច្ចមួយចំនួន របស់អង្គការសហប្រជាជាតិដើម្បីចូលរួមបំពេញរបាយការណ៍ត្រួតពិនិត្យជាសកលតាមកាលកំណត់ របស់ឧត្តម​ស្នងការទទួលបន្ទុកសិទ្ធិមនុស្ស កម្ពុជាបានចូលរួមធ្វើចំនួន២លើករួចមកហើយ។ មិនតែប៉ុណ្ណោះកម្ពុជា បានបំពេញនូវអ្វីដែលអង្គការសហប្រជាជាតិ​ចង់បាន។ មិនតែប៉ុណ្ណោះកម្ពុជាត្រៀមខ្លួនជាលើកទី៣ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅឆ្នាំ២០១៩ខាងមុខនេះ។ ទាំងនេះជាកាតព្វកិច្ចដ៏ធំ នៃរដ្ឋជាសមាជិករបស់អង្គការ សហប្រជាជាតិ កម្ពុជាក៏បានបំពេញនូវកាតព្វកិច្ចផ្សេងៗទៀត​ពាក់ព័ន្ធសន្ធិសញ្ញា អនុសញ្ញាអន្តរជាតិដែលតម្រូវឲ្យរដ្ឋជាសមាជិក ត្រូវបំពេញដើម្បីលើកតម្កើងសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋក្នុងប្រទេស។

* ចំណុចទី៣៖ ចំពោះចំណាត់ការច្បាប់ទៅលើប្រធានគណបក្សប្រឆាំង អង្គការក្រៅរដ្ឋាភិបាល និងកាសែតអន្តរជាតិ Cambdai Daily លោកបានពន្យល់ថា នេះជាការអនុវត្តច្បាប់។ រីឯប្រទេសដទៃទៀត ក៏មានដែរដើម្បីធានាបាននូវសុខសន្តិភាព ស្ថេរភាពសង្គមរបស់រដ្ឋ អធិបតេយ្យនីមួយៗ ជាពិសេស​ទៀតនោះ ដើម្បីរក្សាបាននូវសន្តិភាពពេញលេញដែលយើងមានសព្វថ្ងៃនេះ ជាពិសេសដើម្បីទប់ស្កាត់នៅឥទ្ធិពល នៃបដិវត្តព័ណ៌ដែលមានការ ជ្រែតជ្រែកពីបណ្តាប្រទេសដទៃទៀត តាមរូបភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអង្គការផ្សេងៗ ក្នុងនាមកម្ពុជាជាប្រទេសឯករាជ្យ ត្រូវប្រើប្រាស់ មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីការពារបដិវត្តព័ណ៌ មិនឲ្យចូលមកបំផ្លាញសន្តិភាពនៅកម្ពុជា។

ចំណាត់ការទៅលើប្រធានគណបក្សប្រឆាំង ក៏ដូចជាក្រុមអង្គការ សង្គមស៊ីវិល និងកាសែតបរទេសនោះ គឺថាជាចំណាត់ការតាមផ្លូវច្បាប់សុទ្ធសាធ និងជាយុទ្ធការអនុវត្តច្បាប់ក្នុងរដ្ឋ អធិបតេយ្យមួយ ដើម្បីរក្សាបាននៅស្ថេរភាព សន្តិភាព និងសណ្តាប់ធ្នាប់សង្គម។ ចំពោះបញ្ហាទាំងនេះមិនមានផលប៉ះពាល់ដល់ដំណើរ ការបោះឆ្នោត ឆ្នាំ២០១៨នោះទេ៕