(ទីក្រុងឈិនឌូ-ប្រទេសចិន)៖ មហាសន្និបាតរបស់អង្គការទេសចរណ៍ ពិភពលោកលើកទី២២ ឆ្នាំ២០១៧នេះ បានដាក់ចេញផែនទីបង្ហាញ​ផ្លូវឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាពសម្រាប់របៀបវារៈ ឆ្នាំ២០៣០ និងដាក់ចេញនូវគំនិតផ្តួចផ្តើម Chengdu ស្តីពីខ្សែក្រវ៉ាត់ និងវិថីសម្រាប់កិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ខណៈពេលដែលកំពុងចូលរួមពិធីបើកជាផ្លូវការណ៍ មហាសន្និបាតរបស់អង្គការទេសចរណ៍ពិភពលោកលើកទី២២ នៅទីក្រុងឈិនឌូ ខេត្តស៊ីឈួន ប្រទេសចិនក្រោមអធិបតីភាព លោក វ៉ាង យ៉ាង ឧបនាយករដ្ឋមន្ត្រីចិន និងលោក Taleb Rifai អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក និងមានការចូលរួមពី រដ្ឋមន្ត្រីទេសចរណ៍ និងមន្ត្រីជាន់ខ្ពស់ នៃប្រទេសសមាជិក ជាង​១៦០​ប្រទេស និងអង្គការអន្តរជាតិនានា។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា អង្គមហាសន្និបាតរបស់អង្គការទេសចរណ៍ពិភពលោក លើកទី២២នេះ បានប្រព្រឹត្តិទៅផ្តោតលើប្រធានបទ «ទេសចរណ៍ និងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព-ដំណើរឆ្ពោះ​ទៅ ឆ្នាំ២០៣០» និងដាក់ចេញផែនទីបង្ហាញផ្លូវឆ្ពោះទៅ ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាពសម្រាប់របៀបវារៈឆ្នាំ២០៣០។

អង្គមហាសន្និបាតក៏បានពិភាក្សាលើប្រធានបទ «ទេសចរណ៍ និងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព-ដំណើរឆ្ពោះទៅកាន់ឆ្នាំ២០៣០» ដោយបានផ្តល់ជាទស្សនាទាន នៃផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទេសចរណ៍ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍ ប្រកប​ដោយនិរន្តរភាពនៅឆ្នាំ២០៣០។

​ក្នុងនោះ លោក Taleb Rifai បានគូសបញ្ជាក់នូវមុំ៣ ដើម្បីធានានិរន្តរភាព ក្នុងការអភិវឌ្ឍបានគឺ ត្រូវពង្រឹងខឿនសេដ្ឋកិច្ចឲ្យរឹងមាំ​កសាងសង្គមមួយ ដែលប្រជានជនមានកម្រិតយល់ដឹងល្អប្រសើរ និងការយកចិត្តទុកដាក់ដល់កិច្ចការពារបរិស្ថាន នៃធនធានធម្មជាតិឲ្យបានល្អប្រសើរ ដើម្បីមនុស្សជាតិ ភពផែនដី វិបុលភាព និងសន្តិភាព (People, Planet, Prosperity, Peace)។

អង្គមហាសន្និបាត ក៏បានចាត់ទុកវិស័យទេសចរណ៍ ជាយាននាំមុខក្នុងការអភិវឌ្ឍប្រទេស ដោយបានគាំទ្រដល់ការដាក់ចេញគោលនយោបាយថ្មីៗ បទពិសោធន៍អនុវត្តក្នុងអាជីវកម្ម និងឥរិយាបទរបស់អ្នកប្រើប្រាស់សេវា ទេសចរ និងប្រតិបត្តិករ ឆ្ពោះទៅកាន់ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាព ពិសេសដើម្បីសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាតិ (SDGs) ដោយធានាថាការអភិវឌ្ឍទ្រទ្រង់ ដល់ការអភិរក្ស ហើយការអភិរក្សទ្រទ្រង់ដល់ការអភិវឌ្ឍ និងលើកកម្ពស់ការដាក់បញ្ចូលសកម្មភាពទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ទៅក្នុងតំបន់ការពារ និងតំបន់អភិរក្សធម្មជាតិ និងសហគមន៍ដើម្បីជួយអភិវឌ្ឍតំបន់ និងសហគមន៍ឲ្យក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ រួមចំណែកដល់ការបន្ធូបន្ថយ ការប្រែប្រួលអាកាសធាតុ​។

នៅក្នុងវេទិកាពិភាក្សាលើប្រធានបទ «ខ្សែក្រវ៉ាត់ និងវិថី» បន្ទាប់ពីសុន្ទរកថា បើករបស់រដ្ឋមន្ត្រីទេសចរណ៍ចិន និងការគូសបញ្ជាក់របស់ លោក Taleb Rifai ដែលបានថ្លែងគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងក្លា ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី របស់លោកប្រធានាធិបតី ស៊ី ជីនពីង និងកិច្ចសហការវិស័យទេសចរណ៍ ខ្សែក្រវ៉ាត់ និងវិថី និងការបញ្ជាក់បន្ថែមអំពីលំហូរទេសចរចិន ដែលជាទីផ្សារដ៏ធំបំផុតលើពិភពលោក សម្រាប់ពេលចំពោះមុខ និងទៅអនាគត ដែលគ្រាន់តែនៅឆ្នាំ២០២០នឹងមានទេសចរ​ ចិ​នធ្វើដំណើរចេញក្រៅប្រទេសមិនតិចជាង​២០០លាននាក់ និងការចំណាយរហូតល់ ៤២០ពាន់លានដុល្លារ។

ជាមួយគ្នាផងដែរ នៅក្នុងវេទិកាពិភាក្សាខាងលើ ដែលមាន លោក Taleb Rifai ជាប្រធាន និងមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ចិន និងរដ្ឋមន្ត្រីទេសចរណ៍ នៃបណ្តាប្រទេស ក្នុងក្របខណ្ឌខ្សែក្រវ៉ាត់ និងវិថី ក្រោមការសម្របសម្រួលរបស់លោក Richard Quest នៃទូរទស្សន៍ CNN ​លោ​ក ថោង ខុន ត្រូវបានអញ្ជើញជាវាគ្មិនគន្លឹះ ក្នុងការចែករំលែកនូវអ្វីដែលកម្ពុជា បានធ្វើក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងវិថី ដោយលោកបានបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ដោយសារប្រទេសកម្ពុជា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពិសេស​ជាប្រវត្តិសាស្ត្រ ជាយូរលង់ណាស់មកហើយ ហើយដែលបន្តរហូតដល់បច្ចុប្បន្នតាមរយៈ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ ពិសេសកត្តាសន្តិភាព និងសន្តិសុខពេញលេញនៅកម្ពុជា។

លោក ថោង ខុន បានបញ្ជាក់ថា នៅក្នុងបណ្តាប្រទេសតាមបណ្តោយវិថីសូត្រជាង៦០ សុទ្ធសឹងតែមានសក្តានុពលទេសចរណ៍ប្រហាក់ប្រហែលគ្នា ប៉ុន្តែ កម្រិតនៃការអភិវឌ្ឍមិនដូចគ្នាទេ ដោយហេតុផលផ្សេងៗគ្នា។ ប៉ុន្តែយើងជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការទេសចរណ៍ខ្សែក្រវ៉ាត់ និងវិថី ប្រទេសទាំងអស់ នឹងមានការរីកចម្រើនលើវិស័យទេសចរណ៍យ៉ាងឆាប់រហ័ស និងទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នា ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន ផ្លូវល្បឿនលឿន អាកាសយានដ្ឋានជាច្រើន តភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ធំៗ តំបន់អេកូទេសចរណ៍ តំបន់ទេសចរណ៍វប្បធម៌ រួមទាំងតំបន់ទេសចរណ៍សមុទ្រ ក៏ដូចជា ការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្សព្វផ្សាយរួមគ្នា។

​ព្រមជាមួយនោះ ដើម្បីឲ្យមាននិរន្តរភាព និងប្រសិទ្ធិភាពក្នុងការអភិវឌ្ឍ ត្រូវមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ពិសេសផែនការយុទ្ធសាស្ត្រ ទាក់ទាញទេសចរចិន អមជាមួយសៀវភៅស (White Paper China Ready) ដើម្បីធានាឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព យើងបានរៀបចំពង្រឹងគុណភាព សេវាកម្មទេសចរណ៍ ដោយបង្កើតប្រព័ន្ធវាយតម្លៃគុណភាព (Accreditation System) សម្រាប់គ្រប់សេវាកម្មទាំងអស់នៅក្នុងវិស័យទេសចរណ៍។

ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ចំពោះការអភិវឌ្ឍផលិតផលទេសចរណ៍ចាំបាច ​ត្រូវមានការគិតគូខ្ពស់ ផ្អែកលើទស្សនទានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពផ្នែកបរិស្ថាន និងការទទួលខុសត្រូវសង្គម ទាំងក្នុងកម្រិតតូច មធ្យម និងធំ (Small scale, Medium scale, Large scale) ដោយត្រូវផ្សារភ្ជាប់ទៅនឹងទស្សនទានស្អាត និងបៃតង (Green-Living, Green-Building, Green-Transportation) រួមចំណែកដល់ការទាក់ទាញទេសចរ និងរួមចំណែកឆ្លើយតប ទៅនឹងការបន្ធូរបន្ថយការប្រែប្រួលអាកាសធាតុ។

​ការបណ្តុះបណ្តាលធនធានមនុស្សជំនាញ ក្នុងវិស័យទេសចរណ៍សម្រាប់ទីផ្សារទេសចរណ៍ចិន និងការជំរុញការតភ្ជាប់តាមគ្រប់មធ្យោបាយ រួមទាំងមធ្យោបាយដឹកជញ្ជូនផ្លូវអាកាស ដែលមានតម្លៃទាប (Low-cost carriage) ដើម្បីបង្កើនភាពងាយស្រួល ក្នុងការធ្វើដំណើរ ពិសេសការដាក់ចេញនូវនយោបាយទិដ្ឋាការ មួយដ៏រស់រវើក កាត់បន្ថយរបាំងមិនចាំបាច់ក្នុងការធ្វើដំណើរ និងដឹកជញ្ជូន។

លោក Taleb Rifai អង្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក បានធ្វើការចាប់អារម្មណ៍ និងថ្លែងសុន្ទរកថា បូកសរុបវេទិកាដោយធ្វើការកត់សម្គាល់ស្របគ្នា ទៅលើចំណុចចម្បងៗ ដែលកម្ពុជាបានបង្ហាញខាងលើ រួមមាន ទី១៖ការជំរុញការតភ្ជាប់ តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ទី​២៖ការសម្រួលការធ្វើដំណើរ, ទី​៣៖ការរៀបចំស្តង់ដារួម សម្រាប់ផលិតផល និងសេវាទេសចរណ៍ និងទី៤ការពង្រឹងសន្តិសុខសុវត្ថិភាព។

ព្រមជាមួយនេះ អង្គមហាសន្និបាតក៏បាន អនុម័តគំនិតផ្តួចផ្តើម Chengdu ស្តីពីខ្សែក្រវ៉ាត់ និងវិថីសម្រាប់កិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ «Chengdu Initiative for Belt and Road Tourism Cooperation» ដោយផ្តោតលើ៦ចំណុចសំខាន់ៗ៖ ទី១៖ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងវិថី, ទី២៖ជំរុញការផ្លាស់ប្តូរ និងទំនាក់ទំនងអំពីគោលនយោបាយ និងបង្ក​លក្ខណៈដល់ការសម្របសម្រួលវិស័យ ទេសចរណ៍ឲ្យល្អប្រសើរឡើង, ទី៣៖បង្កើតយន្តការកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីបង្ក​លក្ខណៈដល់ការផ្លាស់ប្តូរ និងទំនាក់ទំនងប្រកបដោយគុណភាព, ទី៤៖អនុវត្តការធ្វើទីផ្សារួមគ្នា និងបង្កើនគុណភាព នៃកិច្ចសហប្រតិបត្តិការទេសចរណ៍, ទី៥៖ពង្រឹងការផ្លាស់ប្តូរ និងអប់រំអំពីទេសចរណ៍ និងផ្តល់ការគាំទ្រផ្នែកចំណេះដឹងរួម ​ចំណែកដល់ការអភិវឌ្ឍទេសចរណ៍ និងទី៦៖ដោះស្រាយបញ្ហាប្រឈមរួមគ្នា និងកសាងសមត្ថភាពដើម្បីទប់ស្កាត់ហានិភ័យក្នុងវិស័យទេសចរណ៍៕