(​សិង្ហ​បុរី)៖ លទ្ធផល​បឋម ​នៃ​កិច្ចពិភាក្សា​វេទិកា​ប្រធាន​ប្រតិភូ នៃ​កិច្ចប្រជុំ​អាស៊ាន​ណា​ប៉ូល ​លើក​ទី​៣៧ នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ គឺប្រធាន​ប្រតិភូ​ទាំងអស់ ​បាន​ឯកភាព​អនុម័ត​៩​ចំណុច ​ដូចខាងក្រោម៖

ទី១៖​ ឯកភាព FBI ធ្វើជា​អ្នកសង្កេតការណ៍​របស់​អាស៊ាន​ណា​ប៉ូល​
ទី២៖​ ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ទិន្នន័យ​ អាស៊ាន​ណា​ប៉ូល​ថ្មី (e-ADS) ប៉ុន្តែ​ត្រូវ​បន្ត​ជជែក​គ្នា​អំពី​វិធី​បង់ប្រាក់​ថែទាំ​
ទី៣​៖ ឯកភាព​ឲ្យ​លេខាធិការដ្ឋាន​អាស៊ាន​ណា​ប៉ូល​​ បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ EAST (​ក្រុម​សន្តិសុខ​ម៉ាស៊ីន​អេ​ធី​អឹម​អ៊ឺរ៉ុប​)
ទី៤៖​ បង្កើត​កិច្ចសហការ​ជាមួយ​ស្ថាប័ន នគរបាលទទួលបន្ទុក​ប្រតិបត្តិការ​ឈូង​សមុទ្រ​អារ៉ាប់​
ទី៥៖​ ផ្តល់​បេក្ខភាព​មកពី​ប្រទេស​ឡាវ​ ធ្វើជា​នាយក​ប្រតិបត្តិ ​នៃ​លេខាធិការដ្ឋាន​អាស៊ាន​ណា​ប៉ូល ឆ្នាំ​២០១៨ និង​២០១៩
ទី៦៖​ ផ្តល់​បេក្ខភាព​មកពី​សិង្ហ​បុរី​ ធ្វើជា​នាយក​ផ្នែក​សេវា​នគរបាល នៃ​លេខាធិការដ្ឋាន​អាស៊ាន​ណា​ប៉ូល ឆ្នាំ​២០១៨ និង​២០១៩
ទី៧៖​ បង្កើត​គោលការណ៍​ស្តីពី ​ការប្រើប្រាស់​បទ​ភ្លេង​អាស៊ាន​
ទី៨៖​ សំណើ​របស់​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ ស្វែងរក​ជន​រត់គេចខ្លួន​ជាមួយ Interpol
ទី៩៖​ ការបង់​ថវិកា​ឆ្នាំ​២០១៨ (១៦.៩៩៨​ដុល្លារ​)។

​ចុងក្រោយ អង្គប្រជុំ​បានទទួល​យក​សំណើ​ចំនួន​២ ដែល​លើកឡើង​ដោយ​លេខាធិការដ្ឋាន​អាស៊ាន ហើយ​ប្រគល់​ឲ្យ​លេខាធិការដ្ឋាន​អាស៊ាន​ណា​ប៉ូល ដើម្បី​សិក្សា​លម្អិតគឺ​​៖​

ទី១៖ ​ការលើក​ឋានៈ​អាស៊ាន​ណា​ប៉ូល ឲ្យ​ទៅជា​អង្គការ​ចាត់តាំង​ពេញសិទ្ធិ ​របស់​សហគមន៍​អាស៊ាន​
ទី២៖​ ការរៀបចំ​កន្លែង​អង្គុយ​របស់​លេខាធិការដ្ឋាន​អាស៊ាន ក្នុង​សន្និសីទ​អាស៊ាន​ណា​ប៉ូល ឲ្យ​បាន​សមស្រប (​មាន​ការមិន​ពេញចិត្ត​ក្នុងការ​ដាក់​ឲ្យ​អង្គុយ​ជាមួយ​ដៃគូ​ពិភាក្សា​)៕​