(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ ក្រសួងព័ត៌មាននឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី (RFA) ពាក់ព័ន្ធការបិទការិយាល័យរបស់ខ្លួននៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ។

តាមសេចក្តីជូនដំណឹងបានឲ្យដឹងថា សន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ស្អែក វេលាម៉ោង១០៖០០នាទី នៅសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួន​នៅក្នុងប្រទេសកម្ពុជាស្ងាត់ៗ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ហើយបែងចែកឱ្យបុគ្គលិក របស់ខ្លួនទាំងអស់នៅកម្ពុជា ធ្វើការរៀងៗខ្លួន ដោយបញ្ជូនព័ត៌មានផ្ទាល់ទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នេះបើតាមលោក រដ្ឋា វិសាល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ទម្លាយប្រាប់ឲ្យដឹង។

បើតាមលោក រដ្ឋា វិសាល បុគ្គលិកវិទ្យុអាស៊ីសេរីប្រចាំនៅខេត្តរតនគិរី បាននិយាយថា ក្រោយបិទការិយាល័យនេះ​ បុគ្គលិកអាស៊ីសេរីទាំងអស់នៅកម្ពុជា បានបញ្ចប់កិច្ចសន្យាជាបណ្តោះអាសន្ន ហើយនឹងបន្តរៀបចំកុងត្រាថ្មីតាមការស្ម័គចិត្ត នៅពេលក្រោយ ដោយធ្វើការផ្សេងៗគ្នាដើម្បីបញ្ចូនព័ត៌មានទៅទីក្រុងវ៉ាស៊ីនតោន។

លោកបានបន្តថា វិទ្យុអាស៊ីសេរី បានអះអាងថា មូលហេតុដែលបិទការិយាល័យដែលមិនទាន់ចុះបញ្ជី នៅកម្ពុជានេះគឺថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី មិនចង់ឱ្យមានគំនាបតទៅទៀត។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ការបិទរបស់អាស៊ីសេរីនេះ មិនបានពាក់ព័ន្ធជាមួយក្រសួងព័ត៌មាននោះទេ គឺជាការសម្រេចចិត្តផ្ទាល់របស់គាត់។ ប៉ុន្តែលោកថ្លែងថា វិទ្យុអាស៊ីសេរី មិនទទួលបានសិទ្ធិអនុញ្ញាតឱ្យបើកការិយាល័យ នៅកម្ពុជានៅឡើយទេ ហើយការបើកដោយលួចលាក់នោះ គឺជារឿងមិនត្រឹមត្រូវ៕

ការសម្រចបិទការិយាល័យនេះ បានធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការតឹងរឹង ទៅលើស្ថាប័នព័ត៌មានមួយចំនួន ដែលមិនគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋ។ ជាមួយគ្នានេះកាសែត Cambodia Daily ក៏សម្រេចបិទស្ថាប័នរបស់ខ្លួននៅកម្ពុជាផងដែរ ក្រោយពេលមិនអាចបង់ពន្ធដែលជំពាក់រដ្ឋជាង៦លានដុល្លារបាន៕