(ភ្នំពេញ)៖ ក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការខកចិត្ត ចំពោះសេចក្តីថ្លែងការណ៍របស់ ឧត្តមស្នងការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅនេះ ដែលបានវាយប្រហារមកលើវិធានការផ្ទៃក្នុង របស់រាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រ​បស់ឧត្តមស្នងការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ បានបង្កើតជាចម្ងល់លើអភិក្រមរបស់ខ្លួនចំពោះនីតិរដ្ឋ ដែលជាផ្នែកសំខាន់នៃស្ថាប័នដ៏គួរឱ្យគោរពនេះ និងការគោរពរបស់គាត់ចំពោះឯករាជ្យភាពរបស់តុលាការកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានស្នើឱ្យឧត្តមស្នងការសិទ្ធិមនុស្សធ្វើការបំភ្លឺនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា តើផ្អែកលើមូលដ្ឋានអ្វីដែលបុគ្គលប្រព្រឹត្តទង្វើក្បត់ជាតិ និងសន្ទិដ្ឋិភាពជាមួយបរទេស អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើសកម្មភាពតាមអំពើចិត្តដោយមិនមានច្បាប់អនុញ្ញាត និងសារព័ត៌មានមិនបានបង់ពន្ធ អាចគេចផុតពីការពង្រឹងការអនុវត្តច្បាប់?

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា សិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល សេរីភាពសារព័ត៌មាន សេរីភាពនៃការជួបជុំនិងបញ្ចេញមតិ ត្រូវបានការពារយ៉ាងពេញលេញនៅកម្ពុជា ហើយមនុស្សគ្រប់រូប កំពុងទទួលបានសេរីភាពទាំងនេះ លើកលែងតែបុគ្គលដែលរំលោភច្បាប់ ដែលមានចំនួនតិចតួចបំផុត។ ការជ្រើសរើសយកករណីទាំងនេះ ដើម្បីពណ៌នារូបភាពទាំងស្រុងរបស់កម្ពុជា គឺជាការវិនិច្ឆ័យខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ហើយការពារអ្នករំលោភច្បាប់ ក្នុងនាមសិទ្ធិមនុស្ស គឺជាការដើរផ្ទុយពីបេសសក្មរបស់ស្ថាប័នគួរឱ្យគោរពនេះ។

សូមបញ្ជាក់ថា លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូសេន ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក្នុងកិច្ចប្រជុំលើកទី៣៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧បាន​សម្ដែង​ក្ដី ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា​ ប្រធានគណបក្សសង្រ្គោះជាតិ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក អាល់ ហ៊ូសេន ក៏​បាន​លើក​ឡើង​ផង​ដែរ អំពីការ​បិទ​អង្គការ​សង្គម​ស៊ីវិល​អន្ដរជាតិ NDI ការ​ដក​ហូត​អាជ្ញាប័ណ្ណ​របស់​វិទ្យុ​មួយ​ចំនួន និង​ការ​បិទ​ទ្វារ​របស់​កាសែត​ The Cambodia Daily ផងដែរ។ ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​សិទ្ធិ​នយោបាយ ​សិទ្ធិ​ស៊ីវិល និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ពេញ​លេញ មុន​ពេល​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​៕