(ភ្នំពេញ)៖ ជាមួយនឹងក្តីរំពឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងធ្វើដំណើរកម្សាន្តច្រើន នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំដល់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត​ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍នានា រៀបចំពង្រឹងគុណភាពផលិតផល និងសេវាកម្ម ជូនភ្ញៀវទេសចរឱ្យបានល្អប្រសើរថែមទៀត។

តាមសារាចរក្រសួងទេសចរណ៍បានបង្ហាញថា អំឡុងពេលបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរទៅកន្លែងកម្សាននានា។ ដូច្នេះក្រសួង បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត​ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ភាពស្អាត ការទុកដាក់សំរាម ការរៀបចំចំណតសម្រាប់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ រក្សាតម្លៃសេវាកម្មស្នាក់នៅ ហូបចុក និងដឹកជញ្ជូនឱ្យបានសមរម្យ នៅក្នុងកំឡុងពេលពិធីបុណ្យជៀសវាងការតម្លើងថ្លៃហួសហេតុ។

ក្រសួងទេសចរណ៍ បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា តាមរយៈការដាក់ចេញនូវសារាចរណែនាំខាងលើនេះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត​ អាជ្ញាធរ​ពាក់​ព័ន្ធ និងប្រតិបត្តិករទេសចរណ៍នឹងចូលរួមអនុវត្តតាមភារកិច្ចរៀងខ្លួនប្រកបដោយគុណភាព​​និងប្រសិទ្ធភាពខ្ពស់ និងបំរើដល់សេចក្តីពេញចិត្តរបស់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្ត​នៅតាមបណ្តាគោលដៅទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ៕