(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់ របួសស្រាល១៦នាក់ និងរបួសធ្ងន់១៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៧គ្រឿង រថយន្តតូច៣គ្រឿង និងរយន្ដធុនធំ៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, ប្រជែង កត្តាយានយន្ដ និងងងុយដេក។

សូមបញ្ជាក់ថា រយៈពេល១៣ថ្ងៃ ខែកញ្ញា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១០លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៦៤នាក់ របួសធ្ងន់ចំនួន១២២នាក់ និងរបួសស្រាលចំនួន៧៨នាក់៕