(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងស្វាគមន៍ ចំពោះសាធារណរដ្ឋឆែក (Czech) ក្នុងការបន្ដកិច្ចសហប្រតិបត្ដិការ លើវិស័យសុខាភិបាល ចំនួន៥ឆ្នាំតទៅមុខទៀត ដែលគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាស ដែលលោក អនុញ្ញាត ទទួលជួបសម្ដែងការគួរសម របស់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឆែក លោក Marek Libricky នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងសុខាភិបាល។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងទៀតថា លោកស្វាមគន៍ ជានិច្ចចំពោះកិច្ចសហប្រតិបត្ដិការ របស់សាធារណរដ្ឋឆែក ព្រោះតែកន្លងមក ឆែកបានជួយលើកកម្ពស់ សុខុមាលភាព ដល់ប្រជាពលរដ្ឋកម្ពុជាបានច្រើន ពិសេសកាលពីកន្លងទៅ សាធារណរដ្ឋឆែក បានប្រើប្រាស់ថវិកា ដែលកម្ពុជាជំពាក់ បង្វែរទៅជាជំនួយអភិវឌ្ឍន៍ លើការបណ្ដុះបណ្ដាល ការសាងសង់មណ្ឌលសុខភាព ជួសជុលមណ្ឌលសុខភាព និងការផ្គត់ផ្គង់បរិក្ខារពេទ្យ ក្នុងខេត្ដតាកែវ ប្រហែលខ្ទង់៨៣ម៉ឺនដុល្លារ និងសល់ប៉ុន្មានទៀត ត្រូវបានលុបចោលតែម្ដង កាលពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ក៏បានស្នើសុំ ឲ្យក្រុមជំនាញទាំងពីរ ពិភាក្សាគ្នាលម្អិត ទៅលើផ្នែក ដែលត្រូវសហការ ក្នុងពេលដែលគណៈប្រតិភូសាធារណរដ្ឋឆែក ចុះមកសិក្សា និងពិភាក្សាការងារ ក្នុងពេលដ៏ឆាប់ខាងមុខនេះ៕