(ភ្នំពេញ)៖ ប្រតិកម្មភ្លាមៗទៅនឹងការបង្ហោះព័ត៌មានរបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចាត់ទុកថា ការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិក ដែលឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ននៅក្នុងប្រទេសកម្ពុជានោះ គឺជាការញុះញង់ និងបំភ្លៃអំពីស្ថានការណ៍ នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅប៉ុន្មានទីមុននេះ យ៉ាងដូច្នេះថា «ការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកបែបនេះ គឺជាបំផ្លើសការពិត ហើយបំភ្លៃស្ថានការណ៍ពិត នៅក្នុងប្រទេសកម្ពុជាទាំងស្រុង ក្នុងគោលបំណងទុច្ចរិត ដែលរដ្ឋាភិបាលកម្ពុជា មិនអាចទទួលយកបាននោះទេ។ ការបង្ហោះព័ត៌មានបែបនេះ គឺជាការបំពុលបរិយាកាសនយោបាយពិត នៅក្នុងប្រទេសកម្ពុជា ខណៈដែលស្ថានភាពនយោបាយកម្ពុជា នៅតែដំណើរការធម្មតា គ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ»

ប្រតិកម្មដ៏ខ្លាំងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីស្ថានទូតអាមេរិក បានបង្ហោះនូវព័ត៌មានមួយឱ្យពលរដ្ឋខ្លួនចំពោះសន្តិសុខនៅក្នុងប្រទេសកម្ពុជា។ ស្ថានទូតបានប្រកាសថា «ការអភិវឌ្ឍន៍ថ្មីៗដូចជាការចាប់ខ្លួនអ្នកនយោបាយជាដើម ការបណ្តេញអង្គការក្រៅរដ្ឋាភិបាលអាមេរិក និងបុគ្គលិកបរទេសរបស់ខ្លួន និងវោហាសាស្ត្រប្រឆាំងនឹងជនជាតិអាមេរិកដោយមន្ត្រីអាចបង្កើនភាពតានតឹងជាទូទៅនៅក្នុងប្រទេស។ ទោះបីស្ថានទូតមិនមានព័ត៌មានច្បាស់លាស់ទាក់ទងនឹងការធ្វើបាតុកម្ម ឬបញ្ហាសន្តិសុខដែលបានគ្រោងទុកនៅពេលនេះក៏ដោយ យើងសូមអំពាវនាវដល់ពលរដ្ឋអាមេរិកទាំងអស់ឱ្យប្រុងប្រយ័ត្ន»

ស្ថានទូតបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនទៀតថា «ស្ថានទូតអាមេរិកលើកទឹកចិត្តឱ្យអ្នកជៀសវាងហ្វូងមនុស្សយ៉ាងច្រើនហើយចាកចេញភ្លាមៗនៅកន្លែងដែលហ្វូងមនុស្សកំពុងប្រមូលផ្ដុំ។ អ្នកគួរតែប្រុងប្រយ័ត្នចំពោះការអភិវឌ្ឍសន្តិសុខក្នុងតំបន់ តាមរយៈរបាយការណ៍ព័ត៌មានក្នុងស្រុកចូរប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួននិងការត្រៀមខ្លួនរបស់អ្នកត្រូវដឹងអំពីទីកន្លែងរបស់អ្នកនិងរៀបចំសកម្មភាពរបស់អ្នកឱ្យសមស្រប»