(កំពង់ឆ្នាំង,កំពត)៖ ជនដៃដល់ដែលបានសម្លាប់ស្រ្តីម្នាក់ ដោយកាប់ជាច្រើនកន្លែង ហើយច្រកនៅក្នុងការ៉ុង រួចយកទៅបោះចោលនៅក្បែរប្រឡាយទឹក ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី១០ថ្ងៃមុននោះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវកម្លាំងនគរបាលខេត្តកំពត បានចាប់ខ្លួនហើយ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ កម្លាំងនគរបាលរបស់លោក បានចាប់ជនដៃដល់បានហើយ និងកំពុងទំនាក់ទំនងជាមួយនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីទទួលយកទៅសួរនាំបន្តទៀត ចាត់ការតាមច្បាប់។

បើតាមលោកស្នងការ ជនសង្ស័យរូបនេះឈ្មោះ ប៉ាត ចន្ទវត្ថា អាយុ ៣០ឆ្នាំ ស្រុកកំណើតភូមិពោធិ័ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយសព្វថ្ងៃនៅផ្ទះលេខ ៨២ ផ្លូវលេខ២ ភូមិ១០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ មុខរបរ រត់តាក់ស៊ី និងជានិពន្ធនាយក នៅមជ្ឈមណ្ឌលព័ត៌មានឆាយាអង្គរ។

ជាមួយគ្នានេះ កម្លាំងនគរបាល ក៏បានដកហូតរថយន្ត Highlander ពណ៌ស្ករ ស្លាកលេខ 2R-3182 PP នៅភោជនីយដ្ឋានហេងរស្មី មុនពេលទៅឃាត់ជនសង្ស័យ នៅរមណីដ្ឋាន ណាតាយ៉ា ក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ នៅល្ងាចថ្ងៃនេះ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៣៖៣០រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ មានករណីឃាតកម្មដ៏ព្រៃផ្សៃលើស្រ្តីម្នាក់ ដែលត្រូវឃាតកកាប់លើផ្ទៃមុខជាច្រើនកាំបិត ហើយច្រកការ៉ុង យកមកថ្លុងចោល ក្បែរប្រឡាយទឹក ក្នុងស្រុកកំពង់ត្រឡាច តាមបណ្តោយផ្លូវជាតិលេខ៥។

អធិការនគរបាលស្រុកកំពង់ត្រឡាច លោក ម៉ាត់ លី បានឲ្យដឹងថា ស្រ្តីរងគ្រោះមានគ្រួសារនៅរាជធានីភ្នំពេញ ហើយបានមកធ្វើការនៅជាកម្មការិនីកាត់ដេរ នៅស្រុកពញាឮ ខេត្តកណ្តាល។

លោក ម៉ាត់ លី បានបន្តទៀតថា ករណីសម្លាប់ស្រ្តីរងគ្រោះរូបនេះ ដោយផ្តើមចេញពីរឿងប្លន់លុយ តែលោកមិនទាន់បានបញ្ជាក់ឲ្យលម្អិតនោះទេ៕