(ភ្នំពេញ)៖ ថ្មីៗនេះបន្ទាប់ពីអ្នកនយោបាយមួយចំនួន បានលើកឡើងថា កម្ពុជាមិនបានគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបរទេសមួយចំនួន បានស្នើឲ្យកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងនោះ, ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានចេញមកអះអាងថា កម្ពុជាមិនដែលបំពានកិច្ចព្រមព្រៀងនេះទេ និងតែងតែគោរពជានិច្ច ហើយបញ្ហារាល់ថ្ងៃនេះជាបញ្ហាផ្ទៃក្នុងកម្ពុជា​ មិនមែនបញ្ហានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១នោះទេ។

ក្រៅពីការប្រកាសថា កម្ពុជាបានគោរពយ៉ាងគ្រប់គ្រាន់នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសនេះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា សូមបរទេសទាំងអស់ដាច់ខាត មិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាឲ្យសោះ ព្រោះកិច្ចព្រមព្រៀងនេះក៏បានចែងរួចហើយដែរថា ប្រទេសហត្ថលេខី មិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើង។

មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលរូបនេះ ក៏បានលើកឡើងថា ប្រសិនបើបរទេសនៅតែលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នោះមានន័យស្មើនឹងបរទេស កំពុងតែបំពានកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស យ៉ាងច្បាស់​ដោយខ្លួនឯងតែម្ដង។

​ថ្លែងក្នុងកិច្ចសម្ភាសន៍ ជាមួយបណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ដែលកាលនោះបានអមដំណើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានថ្លែងយ៉ាងដូច្នេះថា «​មាត្រា១៨ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានបញ្ជាក់ថា ប្រទេសហត្ថលេខី ត្រូវតែគោរអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា មាត្រានេះនិយាយច្បាស់...​មាត្រា​២ និងមាត្រា៤ នៃកិច្ចព្រមព្រៀងអំពីអធិបតេយ្យភាពកម្ពុជា ក៏បាននិយាយដូចគ្នានេះដែរ ប្រទេសដ៏ទៃត្រូវតែគោរពឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា លើសពីនេះ​មាត្រា២ កថាខណ្ឌទី២ បានបញ្ជាក់ថា ប្រទេសហត្ថលេខី មិនជ្រៀតជ្រែក​ចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា នេះគេនិយាយច្បាស់ប៉ុណ្ណឹងហើយ ដូច្នេះទាំងអស់នេះវាគ្រប់គ្រាន់ណាស់»។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានចោទជាសំនួរថា តើបញ្ហារាល់ថ្ងៃនេះ ជាបញ្ហារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬជាបញ្ហានយោបាយផ្ទៃក្នុងរបស់កម្ពុជា? លោកថាច្បាស់ណាស់​ បញ្ហារាល់ថ្ងៃនេះជាបញ្ហានយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា​តែមួយគត់ ដូច្នេះមានតែប្រទេសកម្ពុជាទេ ដែលអាចដោះស្រាយបញ្ហានេះបាន។

យ៉ាងណាមិញ ឧបនាយករដ្ឋមន្ដ្រី បានរំលឹកពីដំណើរការចុះហត្ថលេខា​ លើកិច្ចព្រមព្រៀងនេះ គឺធ្វើយ៉ាងណាដើម្បីលុបបំបាត់ខ្មែរក្រហម មិនឲ្យវិលត្រឡប់មកវិញ ដែលក្នុងបុព្វកថា​​បាន​​បញ្ជាក់ថា ដោយទទួលស្គាល់សោនាថកម្មថ្មីៗ នៅប្រទេសកម្ពុជាធ្វើយ៉ាងណាកុំឲ្យនយោបាយ និងការប្រព្រឹត្តទៅដូចអតីតកាលត្រឡប់មកវិញ ដែលចំណុចនេះហើយ សម្ដេចតេជោ ហ៊ុន សែន បានខិតខំសម្របសម្រូលមុននឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះដើម្បីបញ្ចប់សង្គ្រាមខ្មែរនឹងខ្មែរ។

ប៉ុន្ដែបើទោះបីជាចុះហត្ថលេខាព្រមព្រៀងគ្នាទៅហើយក្ដី កងទ័ពខ្មែរក្រហម មិនបានអនុវត្តលើកិច្ចព្រមព្រៀងនេះទេ នៅតែបន្ដវាយប្រហារមកលើកងទ័ពរបស់រាជរដ្ឋាភិបាល រហូតដល់ឆ្នាំ១៩៩៣ ទើបកម្ពុជាបានបញ្ចប់សង្គ្រាមបានយ៉ាងពិតប្រាកដ ដោយអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

ជារួមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានប្រកាសយ៉ាងដាច់ខាតថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដូច្នេះបើសូមអ្នកនយោបាយទាំងឡាយណាដែលមិនបានយល់ច្បាស់ ពីកិច្ចព្រមព្រៀងនេះ សូមឈប់បកស្រាយដោយខុសពីការពិតតទៅទៀត៕​