(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមកាន់បិណ្ឌទី៨ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ឈន សារ៉ាណេ អគ្គនាយករងភស្ដភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងជាអនុប្រធានចុះជួយស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានស្នើទៅគណៈកម្មការអាចារ្យវត្តសិរីវិជ្ជា ហៅវត្តព្រែកផ្គាំ ស្ថិតនៅភូមិព្រែកផ្គាំ ឃុំព្រែករន្ទះ សុំថែរក្សាព្រះវិហារចំណាស់មួយមានអាយុកាលដល់ទៅ ១១៥ឆ្នាំ ដែលគ្រោងនឹងវាយកម្ទេចចោល។

ព្រះវិហារចំណាស់នេះ សាងសង់ឡើងអំពីស៊ីម៉ង់ដ៍ និងឈើដែលឆ្លាក់ចេញជាក្បាច់រចនាដ៏ល្អពិសិដ្ឋ ឃើញហើយគួរជាទីគយគន់ ដំបូលប្រក់ក្បឿងខ្មែរបុរាណកម្រមាន នាពេលបច្ចុប្បន្ន ឈរបង្អួតសម្រស់វប្បធម៌ និងអរិយធម៌ព្រះពុទ្ធសាសនា បង្ហាញពីភាពប៉ិនប្រសព្វនៃការច្នៃប្រឌិតរបស់បុព្វបុសរខ្មែរ កាលពីជាង១០០ឆ្នាំមុន។ ប៉ុន្តែដោយសារទើសមុខព្រះវិហារថ្មីដែលកំពុងសាងសង់នោះ គណៈកម្មការអាចារ្យវត្តព្រែកផ្គាំ មានបំណងចង់វាយកម្ទេចព្រះវិហារដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាននេះទៅវិញ។

ដោយឃើញពីតម្លៃបេតិកភណ្ឌដ៏ធំមហាសាលនៃព្រះវិហារ លោកអគ្គនាយករង ឈន សារ៉ាណេ បានអន្តរាគមន៍ភ្លាមៗ ដោយបានជួបប្រជុំដោយចំហជាមួយ គណៈកម្មការវត្តព្រែកផ្គាំ ដើម្បីរៀបរាប់ពន្យល់ និងស្នើដល់គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទកុំឲ្យវាយកម្ទេចព្រះវិហារនេះចោល។ ជាលទ្ធផល ការស្នើសុំនេះគឺទទួលបានការឯកភាព និងគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងធ្វើកិច្ចសន្យាបញ្ជាក់ពីការចូលរួមថែរក្សាសំណង់បេតិកភណ្ឌដ៏មានតម្លៃមួយនេះ ទុកជាកេរតំណែលសម្រាប់កូនចៅពុទ្ធបរិស័ទជំនាន់ក្រោយថែមទៀតផង។

ក្នុងឱកាសដាក់បិណ្ឌនោះ លោក ឈន សារ៉ាណេ បានប្រគេនចង្ហាន់ និងបច្ច័យជូនព្រះសង្ឃ និងលោកតាលោកយាយ ប្រជាពុទ្ធបរិស័ទដែលកំពុងចូលរួម ធ្វើបុណ្យជាមួយគ្នានៅវត្តព្រែកផ្គាំ។ លោកអគ្គនាយករង និងក្រុមគ្រួសារបានចូលរួមឧបត្ថម្ភការ៉ូបាតចំនួន ៣០០ម៉ែត្រ សម្រាប់រៀបក្នុងព្រះវិហារថ្មីដែលកំពុងសាងសង់ផងដែរ។ លោកថែមទាំងបានលះបង់ធនធានផ្ទាល់ខ្លួនបន្ថែម ដើម្បីកែលម្អទីធ្លារក្នុងវត្តព្រែកផ្គាំ ដូចជាការចាក់ដីបំពេញកន្លែងក្រលុកមួយចំនួន និងប្ដូរទីតាំងសាលាឆាន់ទៅកន្លែងដែលស័ក្តិសមមានសោភ័ណភាពថែមទៀត។

មិនតែប៉ុណ្ណោះ ដោយពិនិត្យឃើញផ្លូវធ្វើដំណើរទៅកាន់វត្តមានការលំបាក និងក្រលុកច្រើនកន្លែង លោកបានបញ្ជាឲ្យក្រុមវិស្វកម្ម នៃនាយកដ្ឋានចុះជួសជុលផ្លូវ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពុទ្ធបរិស័ទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ៕