(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកបានថ្លែងបដិសេធថា សហរដ្ឋអាមេរិកមិនជាប់ពាក់ព័ន្ធនិងលោក កឹម សុខា តែបែរជាសុំឲ្យមានការដោះលែងជាបន្ទាន់ទៅវិញ?។

យើងយល់ឃើញថា៖ «មេទូតអាមេរិកខ្លួនឯងគួរទៅសាកសួរលោក កឹម សុខា វិញថា តើអ្វីដែលលោក កឹម សុខា បាននិយាយក្តែងៗថា រដ្ឋាភិបាលអាមេរិកបានជួយខ្លួន តាំងពីឆ្នាំ១៩៩៣មក ដើម្បីឲ្យមានការផ្លាស់ប្តូររបបដឹកនាំកម្ពុជាដូច យូហ្គោស្លាវីនោះ លោក កឹម សុខា មានអ្វីជាភស្តុតាងទេ? ព្រោះការនិយាយបែបនេះវានាំឲ្យមាន ការប៉ះពាល់ដល់កិត្តិយសសហរដ្ឋអាមេរិកសម្បើមណាស់!។

ប្រសិនបើលោក កឹម សុខា ចេះតែនិយាយដោយគ្មានភស្តុតាង ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាខ្លួនឯងណឹងហើយ ដែលជាអ្នកត្រូវប្រតិកម្មទៅលោក កឹម សុខា មុនគេ ហើយក៏ត្រូវសុំឲ្យលោក កឹម សុខា បង្ហាញភស្តុតាង ! មិនមែនឯកអគ្គរដ្ឋទូតមកប្រតិកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចោទប្រកាន់សហរដ្ឋអាមេរិកថា ជាបាតដៃទីបី នៅពីក្រោយលោក កឹម សុខា នោះទេ។ រាជរដ្ឋាភិបាលកម្ពុជាមានសិទ្ធិភ្ញាក់ផ្អើលចោទប្រកាន់ និងស្នើសុំឲ្យសហរដ្ឋអាមេរិកបង្ហាញការ ពិតអំពីទំនាក់ទំនង សម្ងាត់ជាមួយ លោក កឹម សុខា ក្នុងការរៀបចំផែនការផ្តួលរដ្ឋាភិបាល ព្រោះអំពើរបស់លោក កឹម សុខា គឺជាបំពើក្បត់ជាតិកម្ពុជា។

មួយទៀតឯកអគ្គរដ្ឋទូតអាមេរិក ក៏គួរពិចារណាពាក្យសំដីរបស់ខ្លួនឡើងវិញ ចំពោះការស្នើសុំឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់នេះ។ តើនេះ ឬដែលហៅថា សហរដ្ឋអាមេរិកមិនដែលជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា? ។ លោក កឹម សុខា បានប្រព្រឹត្តបទល្មើសបំពានក្រមព្រហ្មទណ្ឌ នៃកម្ពុជាត្រង់មាត្រា៤៤៣ ពីបទ «សន្ទិដ្ឋិភាព» ដែលបទល្មើសនេះហៅថា ក្បត់ជាតិ ។ នេះគឺជាច្បាប់របស់កម្ពុជាដែលត្រូវអនុវត្តទៅលើបុគ្គលកឹមសុខា។ ដូច្នេះនៅពេលដែល ឯកអគ្គរដ្ឋទូតអាមេរិកបានប្រើពាក្យ «អោយមានការដោះលែងជាបន្ទាន់» បែបនេះ គឺដូចជាមេទូតបង្គាប់បញ្ជាមករាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា កម្ពុជាដូចជាស្ថិតក្រោមអាណានិគមរបស់ខ្លួនយ៉ាងដូច្នោះ។

ពីខ្ញុំឈ្មោះ កុសល ប្រជាពលរដ្ឋមួយរូបនៅភ្នំពេញ