(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះទៅ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ បានប្រកាសថា ខ្លួននឹងផ្អាកលែងចេញទិដ្ឋាការប្រភេទB1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។

តែនៅរសៀលថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បានប្រាប់ដល់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិចថា ក្រសួងការបរទេសកំពុងតែពិនិត្យករណីនេះ ដើម្បីធ្វើការឆ្លើយតប។

ស្ថានទូតអាមេរិកបានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនយ៉ាងដូច្នេះថា «ដោយយោងតាមមាត្រា 243(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្រ្តីការបរទេសអាមេរិក ត្រូវបញ្ជាឲ្យមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការ រហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ»

បើតាមស្ថានទូត ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមដែលត្រូវបានគេផ្អាកការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្តដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសអ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការជូនបានទេ រហូតទាល់តែការផ្អាកនោះត្រូវបានលើកលែង។ សូមពិចារណាឲ្យបានដិតដល់មុនពេលដាក់ពាក្យសុំទិដ្ឋាការ។

សូមជំរាបថា ថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលបានបង់រួច មិនអាចបង្វិលសងវិញបានទេ៕