(បុរីរ៉ាំ,ថៃ)៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ ដែលធ្វើការលើបញ្ហាគ្រឿងញៀន បានបង្ហាញការប្តេជ្ញាចិត្តលើយន្តការទាំងឡាយ ដើម្បីធ្វើការទប់ស្កាត់បញ្ហាគ្រឿងញៀន ពោលភាគីទាំង២ នឹងពង្រឹងយន្តការភូមិស ​គ្មានគ្រឿងញៀន​នៅតាមបណ្តោយព្រំដែន​ និងប្រែក្លាយភូមិទាំងនោះទៅជាតំបន់រីកចម្រើន​ និងអភិវឌ្ឍន៍។

ការប្តេជ្ញារវាងមន្រ្តីជាន់ខ្ពស់ទាំង២ បានធ្វើឡើងនៅថ្ងៃទី១៣​ ខែកញ្ញាឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំទ្វេរភាគីលើកទី១១ ​ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ​កម្ពុជា-ថៃ​ ត្រូវបានប្រារព្ធធ្វើនៅខេត្តបុរីរ៉ាំ​ ប្រទេសថៃ​ ដែលភាគីកម្ពុជាដឹកនាំដោយ​នាយឧត្តមសេនីយ៍ មាស​ វិរិទ្ធ​ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និង ភាគីថៃដឹកនាំដោយលោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya​Sitdhichai) អគ្គលេខាធិការ ​នៃក្រុមប្រឹក្សាត្រួតពិនិត្យ​គ្រឿង​ញៀនថៃ​។

លោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya​Sitdhichai) បានស្វាគមន៍ដល់ប្រតិភូភាគីកម្ពុជា​ទាំងអស់ និងសូមឱ្យការស្នាក់នៅបំពេញការងារនៅ ព្រះរាជាណាចក្រថៃ ​ជាបងប្អូនសូមប្រកបដោយផាសុខភាពហើយលោក បានលើកឡើងពីបញ្ហាគ្រឿងញៀនដែលកើតមាននៅក្នុងប្រទេសថៃ​ ក៏ដូចជា ក្នុងតំបន់ទាំងមូល​ថា​ បញ្ហាគ្រឿងញៀន មិនមានសញ្ញាថមថយទេ​ដែរតម្រូវឲ្យយើងខិតខំរួមគ្នាដោះស្រាយ​។

នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ថ្លែង​ក្នុងនាម​គណៈ​ប្រតិ​ភូកម្ពុជា អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​លោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya Sitdhichai) និងស​ហ​ការី​ទាំង​អស់ ដែលបានផ្តល់នូវការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ​ ហើយលោកបានបន្តថា កម្ពុជានៅតែមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ហើយកម្ពុជាបាននិងកំពុងដំណើរការយ៉ាងសកម្ម និងខ្លាំងក្លាក្នុងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀននៅទូទាំងប្រទេសកម្ពុជា ​សម្រេច​បាន​នូវ​លទ្ធ​ផលសំខាន់ៗដូចជា៖ បានធ្វើការផ្សព្វផ្សាយ អប់រំ ដើម្បីបង្ការទប់ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​​ញៀន និងឱ្យភ្ញាក់រលឹកទៅរកសេវាព្យាបាលស្តារនីតិសម្បទាដោយបានលើក​ទឹកចិត្ត និងជំរុញឱ្យអ្នកប្រើគ្រឿងញៀនទៅទទួល​យកការ​ព្យាបាល​នៅ​តាម​ស​ហគមន៍ និងនៅតាមមណ្ឌលបណ្តោះអាសន្ន។

ជាមួយគ្នានេះដែរ សមត្ថ​កិច្ច​អនុវត្ត​ច្បាប់បានខិតខំតស៊ូបង្ការបង្រ្កាបបទល្មើសគ្រឿងញៀន ព្រមទាំងរឹបអូសគ្រឿងញៀន​បាន ​ច្រើនជាងឆ្នាំមុនៗ។ ដោយឡែកឆមាសទី១ ឆ្នាំ២០១៧នេះ កម្ពុជាបាននិងកំពុង​មមាញឹក​ក្នុងការ​អនុវត្ត ​យ៉ាង​​សកម្មនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់លើកទី១ នៅ​ទូ​ទាំង​​ប្រទេស ដោយ​គ្រាន់​តែរយៈពេល​៦ខែប៉ុណ្ណោះ អង្គភាព​អនុវត្តច្បាប់​បានបង្រ្កាប​បានចំនួន៤,៣៣១ករណី​ ចាប់ជនសង្ស័យសរុ​ប៩,៦៩៤នាក់ / ស្រី ៩៥១នាក់​ ដកហូតវត្ថុតាងគ្រឿងញៀន សរុប១១៩គីឡូក្រាម៦៥៧ក្រាម មានមេតំហ្វេតាមីន ICE-WY, អ៊ិចស្តាស៊ី, ហេរ៉ូអ៊ីន, កូកាអ៊ីន, កេតាមីន, កញ្ឆាក្រៀម​ បានធ្វើផ្សព្វផ្សាយពីបញ្ហា គ្រឿងញៀនបានចំនួន៣,៦៥០,៨៦៧នាក់​ បណ្តុះបណ្តាលក្រុមជនបង្គោលបានចំនួន៥.០៧៧នាក់ ផ្តល់សេវាព្យាបាលដល់អ្នកញៀន បាន១១.៦០១នាក់ ក្នុងនោះការព្យាបាលដោយផ្អែកលើសហគមន៍​ តាមមូលដ្ឋានសុខាភិបាល បាន៤.៣០០នាក់​។

ក្នុងកិច្ចប្រជុំនេះភាគី​ទាំងពីរ បានឯកភាពថា បញ្ហាគ្រឿងញៀនមិនមានសញ្ញាថមថយ ហើយភាគីថៃ​បានឯកភាព​ កោតសសើរ​និងបន្តជួយដល់ភាគីកម្ពុជាដូចខាងក្រោម៖
១-ភាគីថៃកោតសសើរដល់រាជរដ្ឋាភិបាល​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រសួងមហាផ្ទៃដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១​ ដោយទទួលបានលទ្ធផល​ល្អ
២-ភាគីថៃ​បានឯកភាពនូវស្មារតីជំនួបរវាងលោក ប្រាយុទ្ធ​ ចាអ៊ូឆា​ និងសម្តេចតេជោ​ ហ៊ុន សែន​ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះ កម្ពុជា-ថៃ កាលពីថ្ងៃទី៧​ ខែកញ្ញា​ ឆ្នាំ២០១៧​ នៅរាជធានីភ្នំពេញ​
៣-ជួយកសាងមជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត​ និងផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុ​ និងជួយបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្រ្តីលើការងារព្យាបាល​និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
៤-ជួយពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់
៥-ផ្តល់សម្ភារ បរិក្ខារ​ ក្នុងការងារប្រយុទ្ធប្រយុទ្ធប្រឆាំងគ្រឿងញៀន
៦-ពង្រឹងយន្តការភូមិស​ គ្មានគ្រឿងញៀន​ នៅតាមបណ្តោយព្រំដែន​ ទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែន និងប្រែក្លាយភូមិទាំងនោះទៅជាតំបន់រីកចម្រើន​ និងអភិវឌ្ឍន៍
៧-ពង្រឹងសមត្ថភាពមន្រ្តីត្រួតពិនិត្យគ្រឿងញៀនតាមបណ្តោយព្រំដែន
៨-ទទួលដំណើរទស្សនកិច្ចការងាររឹបអូសទ្រព្យពីជំនួញគ្រឿងញៀន​ និងពន្ធនាគារ​៕