(ភ្នំពេញ)៖ អង្គការដើម្បីភាពញញឹមនៃកុមារ ដែលត្រូវបានស្គាល់ច្បាស់ថា PSE និងជាអង្គការមិនរកប្រាក់កម្រៃ ព្រមជាមួយនឹងក្រុមហ៊ុនស្មាតអាស្យាតា (Smart Axiata) ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុខគេ បានប្រកាសភាពជាដៃគូរយៈពេល៤ឆ្នាំ ក្នុងការគ្រប់គ្រងសាលារៀនសង្គមកីឡា ដែលស្ថិតនៅអគារលេខ ៤០២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ។

ព្រឹត្តិការណ៍នេះ មានការចូលរួមជាគណៈអធិបតី ពីសំណាក់លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី រូហ្សា រ៉ុនខាល (Rosa Roncal) ប្រធានមូលនិធិ Real Madrid អន្តរជាតិ ។

សាលារៀនសង្គមកីឡា Smart-PSE-RMF ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដំណាលគ្នានឹងទីលានបាល់ទាត់សិប្បនិម្មិតដែលមានទំហំខ្នាតអន្តរជាតិថ្មីសន្លាង ដែលទទួលការឧប្តម្ភទាំងស្រុង ពីក្រុមហ៊ុនស្មាត អាស្យាតា (Smart) ។គម្រោងនេះនឹងត្រូវបានសម្របសម្រួលដោយអង្គការ PSE ដោយសហការជាមួយនឹងស្ថាប័នមនុស្សធម៌អន្តរជាតិ គឺមូលនិធិ Real Madrid (RMF) ដែលពីមុនធ្លាប់បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនឹងអង្គការ PSE កាលពីឆ្នាំ ២០១៥ ដើម្បីជួយដល់កុមារដែលគ្មានឱកាសទទួលបានការអប់រំត្រឹមត្រូវ ឲ្យមានអនាគតកាន់តែប្រសើរ។

លោកបណ្ឌិត ហង់ ជួនណារ៉ុន បានអបអរសាទរ ដល់គ្រប់ភាគី សម្រាប់ការប្ដេជ្ញាចិត្តនាំមកនូវការផ្លាស់ប្ដូរវិជ្ជមាន​ ដល់ជីវិតរបស់យុវជនកម្ពុជាតាមរយៈការអប់រំ បំណិនសង្គម និងកីឡា។ លោកថ្លែងទៀតថា៖ «ខ្ញុំមានក្តីរំភើបយ៉ាងខ្លាំង នៅពេលឃើញក្រុមហ៊ុន ស្មាត និងអង្គការ PSE ដែលកំពុងរួមចំណែកយ៉ាងច្រើនក្នុងសង្គម បានសម្រេចចិត្ត ចាប់ដៃគ្នាអនុវត្តគម្រោងថ្មីនេះឡើង។ នៅពេលនេះ កុមាររាប់រយនាក់ នឹងមានឱកាសច្រើនតាមរយៈការអប់រំ គុណតម្លៃ និងបំណិនជីវិតប្រសើរជាងមុន ដែលពួកគេភាគច្រើន ពុំធ្លាប់សុបិនថា នឹងទទួលបានឱកាសបែបនេះឡើយ ពីមុនមក»។

លោក លន់ បូរិទ្ធី អគ្គនាយកអង្គការ PSE បានស្វាគមន៍ចំពោះទិសដៅថ្មីនៃសាលារៀននេះ ហើយបានទទួលស្គាល់នូវចំណុចខ្លាំងរបស់ដៃគូសំខាន់ទាំងពីរ ។លោកបានថ្លែងថា៖ «ក្នុងនាមជាអ្នករៀបចំពិធីនេះ និងជួសមុខឲ្យកុមារ និងស្ថាបនិករបស់អង្គការ PSE យើងខ្ញុំមានក្តីរំភើបក្នុងការចាប់ផ្ដើមភាពជាដៃគូ ក្នុងការអនុវត្តគម្រោងសាលារៀន សង្គមកីឡានេះ ក្រោមការឧបត្ថម្ភប្រកបដោយភាពសប្បុរស និងការគាំទ្រដ៏ថ្លៃថ្លាពីក្រុមហ៊ុន ស្មាត អាស្យាតា និង មូលនិធិក្លឹបបាល់ទាត់ Real Madrid ។តាមរយៈភាពជាដៃគូត្រីភាគីនេះ ខ្ញុំជឿថា យើងនឹងមានលទ្ធភាពពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់កុមារទីទ័ល ឲ្យក្លាយជាពលរដ្ឋមានសមាហរណភាពពេញលេញនៅកម្ពុជា»។

លោកស្រី រ៉ូហ្សា រ៉ុនខាល ប្រធានមូលនិធិ RMF អន្តរជាតិ បានថ្លែងថា៖ «គោលដៅរួម គឺមានភាពច្បាស់លាស់ណាស់ គឺកីឡា បំណិនជីវិត និងការអភិវឌ្ឍន៍សង្គម ។សាលារៀនសង្គមកីឡានេះ នឹងមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់សិស្សានុសិស្សដែលមកអង្គការ PSE ដើម្បីបានលេង និងរៀនប៉ុណ្ណោះទេ ប៉ុន្តែ ក៏ផ្ដល់អត្ថប្រយោជន៍ដល់គ្រូបង្វឹក ដែលត្រូវផ្ដល់ការហ្វឹកហ្វឺនស្របតាមបទដ្ឋាន លំដាប់ពិភពលោកផងដែរ ។ ក្នុងស្មារតីគំរូសាលារៀនសង្គមកីឡា របស់មូលនិធី RMF កុមារដែលមានអាយុចន្លោះពី ៦ ដល់១៧ឆ្នាំ មិនថាជាភេទអ្វីនោះទេ មានឱកាសមាសក្នុងការចូលរួមការហ្វឹកហាត់ និងសិក្សាដោយមិនចាំបាច់បារម្ភលើបញ្ហាហិរញ្ញវត្ថុឡើយ» ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនស្មាត បានឲ្យដឹងថា៖ «យើងមានក្តីរីករាយក្នុងការប្រកាសអំពីភាពជាដៃគូនេះ ដែលជាផ្នែកមួយនៃកញ្ចប់កម្មវិធី “កីឡាសម្រាប់ការអភិវឌ្ឍន៍ របស់យើង ដែលជាឧបករណ៍ដ៏រឹងមាំសម្រាប់ការលើកកម្ពស់ការអប់រំក្នុងចំណោមយុវជនដែលមានទេពកោសល្យនៅកម្ពុជា ដោយសារកីឡាសហគមន៍ គឺជា សរសរស្ដម្ភ មួយក្នុងចំណោមសរសរស្ដម្ភសំខាន់ដទៃទៀតនៃផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនស្មាត ដូច្នេះភាគីដៃគូទាំងអស់សុទ្ធតែមានមូលដ្ឋានរួមដូចគ្នា ក្នុងការកសាងអនាគត កាន់តែភ្លឺស្វាង សម្រាប់យុវជនកម្ពុជា ។ទន្ទឹមនឹងនេះ យើងក៏បានសម្រេចចិត្ត ឧបត្ថម្ភបន្ថែមក្នុងការកសាងទីលានបាល់ទាត់ ដើម្បីជួយពង្រឹងបទពិសោធន៍ ដល់សិស្សានុសិស្ស ដែលស្ថិតក្រោមគម្រោងនេះ»។

ភាពជាដៃគូផ្ដាច់មុខរវាងក្រុមហ៊ុនស្មាត និងអង្គការ PSE សម្រាប់គម្រោងសាលារៀននេះ គឺទំនងជានឹងត្រូវបន្ត និងអភិវឌ្ឍបន្ថែមទៀតទៅថ្ងៃអនាគត ។ ក្នុងកិច្ចសន្យាដែលមានស្រាប់ កុមារា និងកុមារីចំនួនជាង ៩០០ នាក់ត្រូវបានរំពឹងថា នឹងទទួលផលពីគម្រោងនេះ ហើយពួកគេនឹងត្រូវរៀនលេងបាល់ទាត់ ហើយទន្ទឹមនឹងនេះក៏ត្រូវបង្កើតតម្លៃផ្ទៃក្នុងដូចជាស្មារតីក្រុម និងសាមគ្គីភាព ក៏ដូចជាទម្លាប់រស់នៅឲ្យមានសុខភាពល្អផងដែរ ។ ដោយសារមានការគាំទ្រពីមូលនិធី RMF បុគ្គលិកអង្គការ PSE ក៏នឹងទទួលផលប្រយោជន៍ពីការបណ្ដុះបណ្ដាល និងវិធីសាស្ត្រអប់រំដែលមានគុណភាពខ្ពស់ និងបង្កើនបំណិនរបស់ខ្លួនស្របតាមវិធីសាស្ត្រដែលប្រើប្រាស់ទូទាំងសកលលោក៕