(ភ្នំពេញ​)៖ ​ឧកញ៉ា​ ជួប​ ច័ន្ទ​ ដែល​ល្បី​ខាង​រកស៊ី​ទិញ​លក់​ដីធ្លី​ ត្រូវ​បាន​​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ពាក់ព័ន្ធ​ការ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​ តាម​ការ​ឯកភាព​ឱ្យ​ឃាត់ខ្លួន​របស់​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

មន្ត្រី​តុលាការ​ថ្លែង​ថា​ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សមត្ថកិច្ច​​បានបញ្ជូន​ឧកញ៉ា​ ជួប​ ច័ន្ទ​ ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ខណៈ​ប្រភព​ព័ត៌មាន​អះអាង​ថា​ ភាគី​ដើម​បណ្ដឹង​ និង​ឧកញ៉ា​ ជួប​ ច័ន្ទ​ កំពុង​សម្របសម្រួល​គ្នា​បំណងបញ្ចប់វិវាទផងដែរ។

បើតាមមន្រ្តីតុលាការ លោក លីវ វុទ្ធី តំណាង​ឱ្យ​ក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់​ បាន​ដាក់ពាក្យប្តឹង​ឧកញ៉ា ជួប ច័ន្ទ ពីបទចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួនជាងមួយ​លានដុល្លារអាមេរិក ។

 ករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់នេះគឺ ឧកញ៉ា ជួប ច័ន្ទ បានរកស៊ីជាមួយ ក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ ប្រមាណ៣លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមកលោកឧញ៉ា គឹម កៅ បានទារប្រាក់នេះវិញ ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅ ឧកញ៉ា គឹម កៅ ដែល​មានទឹកប្រាក់ជាងមួយ​លានដុល្លារអាមេរិក ដោយបានកំណត់​ ឱ្យ​ទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២១០៧។

ប៉ុន្តែពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា មូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ។  ក្រោយបានទទួលពាក្យបណ្តឹងរបស់​លោក លីវ វុទ្ធី​ រួចហើយ​ សមត្ថកិច្ចបានអញ្ជើញឧកញ៉ា ជួប ច័ន្ទ ឱ្យ​ចូលបំភ្លឺលើពាក្យបណ្តឹងនេះ​។​ ពេលឧកញ៉ា ជួប ច័ន្ទ ចូលបំភ្លឺក៏ត្រូវសមត្តកិច្ចឃាត់ខ្លួនតែម្តង ដោយយោងតាមការឯកភាពពីលោកស៊ិន វិរៈ ព្រះរាជអាជ្ញារងអម សាលាដំបូង​រាជធានីភ្នំពេញ៕