(ភ្នំពេញ)៖ ទីបំផុត អាជីវករ និងប្រជាពលរដ្ឋដែលរស់នៅ ម្តុំផ្សារមាន់អាំង ស្ថិតក្នុងសង្កាត់បឹងកក២ ខណ្ឌទួលគោក បានដាក់ពាក្យប្តឹងមន្ត្រី នគរបាលពាក់ស័ក្តិ៣ម្នាក់ ដែលបម្រើការងារនៅប៉ុស្តិ៍រដ្ឋបាលបឹងកក់២ ពីបទរំលោភលើកសេចក្តីទុកចិត្ត ដោយមន្ត្រីនគរបាលរូបនោះ បានបោកលុយតុងទីនពួកគាត់ អស់ប្រមាណ១០ម៉ឺនដុល្លារហើយរត់បាត់។

យោងតាមពាក្យបណ្តឹងដែលប្រជាពលរដ្ឋ ដាក់ជូនចៅសង្កាត់បឹងកក២ បានឲ្យដឹងថា មន្ត្រីនគរបាលដែលបោកលុយ តុងទីននោះ មានឈ្មោះ ស៊ូ សារ៉ន ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅផ្ទះលេខ២៨A ភូមិត្រពាំងឈូក សង្កាត់អូបែកក្រម ខណ្ឌសែនសុខ ប្តឹងពីបទ «រំលោភលើសេចក្តីទុកចិត្ត»

តំណាងអាជីវករ និងប្រជាពលរដ្ឋដែលចាញ់បោកមេតុងទី ជាមន្ត្រីនគរបាលប៉ុស្តិ៍បឹងកក់២ បានបញ្ជាក់ថា ក្រុមពួកគាត់មានគ្នាចំនួន ២០នាក់ បានលេងតុងទីនជាមួយ មេតុងទីងឈ្មោះ ស៊ូ សារ៉ន រយៈពេលជាង១០ឆ្នាំមកហើយ ដោយមានលេងដេញប្រចាំថ្ងៃប្រចាំខែ ផងដែរ។

ក្រុមអាជីវករ និងពលរដ្ឋដដែលបានបញ្ជាក់ថា គ្រាន់តែក្រុមរបស់គាត់២០នាក់ បានចាញ់បោកមេតុងទីននេះ ចំនួនជិត១០ម៉ឺនទៅហើយ នៅមានកូនតុងទីជាច្រើននាក់ទៀត ដែលចាញ់បោក មេតុងទីនរូបនេះ ដោយមេតុងទីនបានរត់បាត់ តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ មកម្ល៉េះ មិនឃើញត្រឡប់មកវិញទេ៕