(ភ្នំពេញ)៖ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​នេះ​ បើក​សវនាការ​រឿង​ក្ដី ​លោក ​ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ ចំនួន​ពីរ​សំណុំរឿង​ តែ​សវនាការ​ធ្វើ​បាន​តែ​មួយ​សំណុំរឿង​ប៉ុណ្ណោះ​។

មន្ត្រី​តុលាការ​កំពូល​ថ្លែង​ថា​ សំណុំ​រឿង​ទី​១ គឺបទល្មើស «រក្សា​ទុក​ប្រាក់​​ក្លែងក្លាយ» ​ប្រព្រឹត្ត​នៅ​ផ្ទះ​លេខ​៩​ ឃុំ​តាខ្មៅ​ ស្រុក​តាខ្មៅ​ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​៣១​ ខែ​កក្កដា​ ឆ្នាំ​២០០៦​ និង​សំណុំរឿង​ទី២ ​គឺ​បទល្មើស​ «បង្ខាំង​មនុស្ស​ខុស​ច្បាប់​»​ ប្រព្រឹត្ត​នៅ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​០៩​ ខែ​មេសា​ ឆ្នាំ​២០០៣​។

សវនាការនេះ​ដឹកនាំ​ដោយ​លោក​ សឹង​ បញ្ញា​វុឌ្ឍ​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​លោក​ ច័ន្ទ​ តារា​រស្មី​ ជា​តំណាង​មហា​អយ្យការ​។

លោក​ នៅ​ មុនី​ជោត​ អ្នក​នាំពាក្យ​តុលាការ​កំពូល​ ថ្លែង​ប្រាប់​ភ្នាក់ងារ​អង្គភាព​ព័ត៌មាន​ Fresh News ឲ្យដឹងថា​ តុលាការ​កំពូល​ បាន​ដំណើរការ​ក្តី​តែ​ករណី​ «រក្សា​ទុក​ប្រាក់​ក្លែងក្លាយ​» ប៉ុណ្ណោះ​។​ រីឯ​សំណុំរឿង​ «បង្ខាំង​មនុស្ស​ខុស​ច្បាប់​»​ គឺ​ពុំ​បាន​បើក​សវនាការ​ទេ​។

លោក​អះអាងថា​ «ក្រោយ​បញ្ចប់​សវនាការ​ តុលាការ​កំពូល​ បាន​លើក​ពេល​ប្រកាស​សាលដីកា​ ទៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ខាងមុខ​នេះ​វិញ»​។

មន្ត្រី​តុលាការបញ្ជាក់ថា​ បច្ចុប្បន្ន​លោក​ ហេង ពៅ មានទោស​ជិត​១០០​ឆ្នាំ ពាក់ព័ន្ធ​រឿងក្ដី​ជាច្រើន​សុទ្ធតែ​រឿងក្តី​ធំៗ ជាពិសេស​ករណី​ប៉ុនប៉ង​បាញ់សម្លាប់​ លោក ថុង អ៊ុយប៉ាង ចាងហ្វាង​កាសែត​កោះសន្តិភាព និងប៉ុនប៉ង​បាញ់សម្លាប់​លោក អ៊ុក សាវុធ ព្រះរាជអាជ្ញា​តុលាការក្រុង​ភ្នំពេញ ដែល​បច្ចុប្បន្ន​ជា ​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​៕