(ភ្នំពេញ)៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខភិបាល បានថ្លែងថា ពេលដែលអគារព្យាបាលអ្នកជំងឺ កម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង សាងសង់រួចជាស្ថានពរ នៅដើមឆ្នាំ២០១៨ខាងមុខនេះ នឹងផ្ដល់ភាពងាយស្រួល ក្នុងការព្យាបាលប្រជាពលរដ្ឋយើង ពិសេសកម្មករ-កម្មការិនី ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា អគារព្យាបាលអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង នៅថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលមានការអញ្ជើញចូលរួម ពីម្ចាស់ឧបត្ថម្ភសាងសង់អគារផងដែរ លោកឧកញ៉ាសៀ ឬទ្ធី ដែលជាវិនិយោគិនដ៏ឆ្នើមផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​វើលដ៏ប្រ៊ីជ អឺនធឺណេសិនណល (កម្ពុជា) ។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «អគារព្យាបាលអ្នកជំងឺកម្ពស់៣ជាន់នេះ គឺជាការពង្រីកការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ និងរហ័សមួយកម្រិតទៀត នៅមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ដែលឆ្លើយតបនឹងការប្រតិបត្ដិគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ហើយថ្ងៃនេះ លោកឧកញ៉ា សៀ ឬទ្ធី ដែលបានជួយទ្រទ្រង់ឧបត្ថម្ភសាងសង់អគារនេះ ជាមួយនឹងការថែមនូវឧបករណ៍ព្យាបាលមួយចំនួន ដល់មន្ទីរពេទ្យយើងនេះ ដែលនេះបានបង្ហាញឲ្យឃើញពីការយកចិត្ដទុកដាក់ និងរួមចំណែកដ៏ធំ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការជួយសម្រាល ការលំបាករបស់ប្រជាពលរដ្ឋយើង» ។

រដ្ឋមន្ដ្រីបន្ដថា «សម្រាប់ទីតាំងនេះ គឺជាកន្លែងដែលទទួលបានសេវាព្យាបាលច្រើនជាងគេ គឺកម្មករ-កម្មការិនីរោងចក្រ សំណង់អាគារផ្សេងៗ ហើយក៏មានប្រជាពលរដ្ឋទូទៅផងដែរ ។លើសពីនេះសូមថ្លែងអំណរគុណដល់ លោកឧកញ៉ា សៀ ឬទ្ធី ដែលបានផ្ដល់ជូនអគារព្យាបាលមួយនេះ ក្នុងការលើកកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋ ក្នុងតំបន់នេះផង រួមទាំងកម្មករ-កម្មការិនីរបស់យើងនៅក្នុងតំបន់នេះផង»។

ទន្ទឹមនឹងនោះ លោកឧកញ៉ាសៀ ឬទ្ធី បានថ្លែងផងដែរថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោហ៊ុនសែន ដែលធ្វើឲ្យប្រទេសកម្ពុជា ប្រកបដោយ សុខសន្ដិភាព សេដ្ឋកិច្ចជាតិរីកចម្រើន បានធ្វើឲ្យខ្ញុំ ជាអ្នកវិនិយោគក្នុងស្រុក ទទួលបានដៃគូវិនិយោគក្រៅស្រុកកាន់តែច្រើន ដែលធ្វើឲ្យខ្ញុំជារកស៊ីនេះ មានឱកាសរកស៊ីមានបាន ដោយសារតែមូលហេតុនេះ ទើបយើងមានសិល្បៈ នៃការចែករំលែក ដែលអនុវត្ដន៍ទៅតាមគោលការណ៍របស់សម្ដេចតេជោ ពិសេសរាជរដ្ឋាភិបាល បានយកចិត្ដទុកដាក់ខ្ពស់ ដល់កម្មករ-កម្មការិនីយើង ខ្ញុំក៏ចូលរួមផ្ដល់ថវិកាសាងសង់នូវអគារនេះ ដែលថវិកាសរុបប្រមាណជា ២៥-៣០ម៉ឺនដុល្លារ ហើយយើងនឹងបន្ដជួយនូវការឧបត្ថម្ភទៅលើការសម្ភារៈ បរិក្ខារពេទ្យបន្ថែមទៀត»។

ព្រមជាមួយគ្នានេះ លោកអ៊ុក ណារិទ្ធិ ប្រធានមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ក៏បានថ្លែងថា «ជំនួសមុខឲ្យក្រុមគ្រូពេទ្យយើង និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួង និងភាគីពាក់ព័ន្ធ ពិសេសខ្ញុំសូមថ្លែងអំណរគុណ ដល់លោកឧកញ៉ា សៀ ឬទ្ធី ដែលបានចូលផ្ដល់អគារកម្ពស់៣ជាន់ ដ៏ទំនើប ជាមួយនឹងឧបករណ៍បំពាក់ នៅតាមមន្ទីរពេទ្យទៀត ដែលការជួយរបស់លោកនេះ គឺជួយសម្រាលការលំបាករបស់ក្រុមគ្រូពេទ្យយើង និងប្រជាពលរដ្ឋយើង ដែលមកពិនិត្យជំងឺនៅទីនេះច្រើនណាស់ ហើយសង្ឃឹមថា លោកឧកញ៉ា នឹងបន្ដជួយលើវិស័យសុខាភិបាលនេះទៀត»។

អគារព្យាបាលអ្នកជំងឺ កម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងនេះ គឺក្រោមការឧបត្ថម្ភទ្រទ្រង់ថវិកាទាំងស្រុង ពីលោក សៀឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​វើលដ៏ប្រ៊ីជ អឺនធឺណេសិនណល (កម្ពុជា) គឺចំណាយពេលសាងសង់ រយៈពេលតែ៦ខែប៉ុណ្ណោះ ហើយនឹងដាក់ឲ្យដំណើរការជាផ្លូវការ នៅដើមឆ្នាំ២០១៨ខាងមុខនេះ៕