(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តទាំងអស់ អំពីការសាងសង់ ការជួលជុល និងការកែលម្អអគារសាលាឃុំសង្កាត់ នៅទូទាំងប្រទេស។

ក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះមានអគារសាលាឃុំសង្កាត់ ចំនួន៧៨៣ ដែលមានសភាពចាស់ទ្រុឌទ្រោម មិនអាចបំពេញការងារបាន ហើយឃុំសង្កាត់ខ្លះទៀត ដែលទើបបង្កើតថ្មី មិនទាន់អគារធ្វើការ។

សម្ដេចក្រឡាហោម ស ខេង បន្ថែមថា រាល់ការសាងសង់ ការជួសជុល និងការកែលម្អអគារសាលាឃុំ-សង្កាត់ ឬការសាងសង់ទីកន្លែងបណ្ដោះអាសន្ន ដើម្បីបំពេញការងារ ដោយប្រើប្រាស់ថវិការបស់សប្បុរសជនក្ដី ឬថវិការបស់ឃុំសង្កាត់ក្ដី ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវធ្វើការប្រជុំដើម្បពិនិត្យពិភាក្សា និងសម្រេចនៅក្នុងកិច្ចប្រជុំរបស់ខ្លួន។

មួយវិញទៀត ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវធានាថា ដីធ្លីដែលរដ្ឋបាលឃុំសង្កាត់ មានបំណងសាងសង់អគារសាលាឃុំសង្កាត់ មានប្លង់កម្មសិទ្ធិស្របច្បាប់ជារបស់ឃុំសង្កាត់ ហើយប្លង់អគារសាលាឃុំសង្កាត់ ត្រូវសាងសង់​ស្របតាមគំរូស្ដង់ដារអគារសាលាឃុំសង្កាត់ ដែលក្រសួងមហាផ្ទៃបានកំណត់៕

ខ្លឹមសារលម្អិត សូមអានលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ដែលមាននៅខាងក្រោមនេះ៖