(ភ្នំពេញ)៖ អបអរសាទរ! សិស្សសាលាបញ្ញាសាស្ដ្រអន្ដរជាតិ ទទួលបាន មេដាយសំរឹទ្ធ និងវិញ្ញាបនបត្រ កម្រិតប្រាក់ ក្នុងការប្រឡងកម្មវិធី «ផែនដីវិទ្យាអូឡាំព្យាដអន្ដរជាតិ» លើកទី១១នៅទីក្រុងនីស ប្រទេសបារំាង នៅថ្ងៃទី២២ -២៩ ខែសីហាឆ្នាំ២០១៧។

គួររម្លឹកថា សាលាបញ្ញាសាស្រ្តអន្តរជាតិ បានបញ្ជូនសិស្សានុសិស្សកម្ពុជាចំនួន៤នាក់ ដែលមានសមត្ថភាពឆ្នើមជាងគេ ក្រោយឆ្លងកាត់ការប្រឡងដ៏តឹងរឹងបំផុត ក្នុងសាលាផ្ទាល់ ទៅចូលរួមប្រកួតប្រជែងក្នុង «កម្មវិធីប្រឡង ផែនដីវិទ្យាអូឡាំព្យាដអន្តរជាតិ» លើកទី១១ នៅទីក្រុងនីស ប្រទេសបារាំង រយៈពេល១០ថ្ងៃ ដែលបេសកកម្មនេះ ដឹកនាំដោយលោកនាយកសាលា នូ រ៉េត និងលោកបណ្ឌិត ហេង ម៉េង ប្រធានដេប៉ាតេម៉ង់អប់រំ នៃវិទ្យាស្ថានជាតិអប់រំ។

សូមជម្រាបថា គណៈកម្មការផែនដីវិទ្យាអូឡាំព្យាដកម្ពុជា មានផែនការនឹងបញ្ជូនសិស្សឆ្នើម ដើម្បីចូលរួមនៅក្នុងកម្មវិធីប្រឡងផែនដីវិទ្យាអូឡាំព្យាដអន្តរជាតិជាបន្តទៀត ដោយជ្រើសរើសជាសាធារណៈ ហើយយកតែសិស្សទាំងឡាយណា ដែលទទួលបាននិទ្ទេស A និង B ពីកម្រិតថ្នាក់ទី១០ ទី១១ និងទី១២ និងមានអាយុត្រឹម១៨ឆ្នាំ តាមសាលានានា៕