(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រកាសតែងតាំង និងផ្ទេរភារកិច្ចជូនលោក ទូច សុខា ជាអភិបាលស្រុកសន្ទុក ជំនួសលោក យស់ បញ្ញារិទ្ធ ដែលត្រូវទៅបំពេញភារកិច្ចថ្មីនៅរដ្ឋបាលខេត្តកំពង់ធំ។ ជាមួយគ្នានេះលោក ខ្ចៅ ប៊ុនហ៊ីម និងលោក អ៊ា គឹមឡូន, លោកស្រី លឹម ផល្លា ក៏ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាអភិបាលរងស្រុកផងដែរ។

លោកអភិបាលខេត្ត បានស្នើឲ្យមន្រ្តីទំាងអស់ ចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវអនុវត្តន៍ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ ត្រូវមានរបបប្រជុំការងារជាមួយមន្ត្រីក្រោមឱវាទឲ្យបានច្បាស់លាស់ ត្រូវខិតខំយកចិត្ត ទុកដាក់ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ឲ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ ដែលផ្តល់ភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវាសំដៅបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន ជឿនលឿន ឲ្យបានឆាប់រហ័ស។

លោក ឈុន ឈន់ បានណែនាំឲ្យមន្ត្រីទាំងអស់រៀបចំឥរិយាបថឲ្យបានសមរម្យ ថ្លែថ្នូរ និងបម្រើសេវាកម្មអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ចៀសវាងមានការរំាងស្ទះដោយប្រការណាមួយ ជាពិសេសរួមគ្នា អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព កុំឲ្យមាននូវអំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើមដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅបានសុខដុមរម្យនា។

លោក សុខ លូ ក៏បានណែនាំចង្អុលបង្ហាញអភិបាលរងស្រុកថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារប្រកប ដោយការទទួលខុស ត្រូវខ្ពស់ដើម្បីអភិវឌ្ឍក្នុងមូលដ្ឋាន ខិតខំបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ និងយុត្តិធម៌ផ្សារភ្ជាប់ចំណងមិត្តភាព រវាងអាជ្ញាធរ និងប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ និងជំរុញឲ្យប្រជាពលរដ្ឋចូលរួមគោរព និងអនុវត្តច្បាប់ និងគាំទ្រគ្រប់សកម្មភាពរបស់សហគមន៍ ដូចជា៖ ដំាដំណាំដាំដុះ ចិញ្ចឹមសត្វ និងបង្កើតផលិតផលបង្កើនចំណូល ដល់ប្រជាពលរដ្ឋក្នុងនោះ ក៏បានផ្តាំផ្ញើដល់ប្រជាការពារមិនត្រូវយកតួនាទី ជានគរបាលទៅប្រើប្រាស់អធិការ នាយប៉ុស្តិ៍រដ្ឋបាល ត្រូវផ្សព្វផ្សាយពីតួនាទីរបស់ខ្លួន ឲ្យបានដឹងចៀសវាងការប្រើប្រាស់ សិទ្ធិហួសដែនកំណត់នាំ ឲ្យមានការយល់ច្រឡំ។

លោក ទូច សុខា ដែលទើបតែប្រកាសឡើងកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តថា រួមគ្នាអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលដំណាក់កាលទី៤ ដើម្បីរួមចំណែកសម្រេចនូវចក្ខុវិស័យក្នុងការពង្រឹងសន្តិភាព ស្ថេរភាពសង្គមជំរុញនូវការអនុវត្តកំណើនសេដ្ឋកិច្ច ប្រកបដោយចេរភាព សីលធម៌ គោរពសិទ្ធិមនុស្សនិងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងលើកកម្ពស់ស្មារតីប្រជាពលរដ្ឋ ឲ្យចេះធ្វើជាម្ចាស់លើខ្លួនឯងលើគ្រួសារ និងសង្គមជាតិ ដោយបណ្តុះមនៈសិការស្រលាញ់ផលប្រយោជន៍ជាតិជាធំ៕