(ភ្នំពេញ)៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UNESCAP) រៀបចំសិក្ខាសាលាស្តីពី «ការចរចាក្នុងកិច្ចព្រមព្រៀងអនុ គ្រោះពាណិជ្ជកម្ម» ដើម្បីចែករំលែកបទពិសោធន៍ ដល់មន្ត្រីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ លើការចរចា និងការដោះស្រាយបញ្ហាប្រឈមចំពោះពាណិជ្ជកម្ម។

សិក្ខាសាលានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ដោយទទួលបានការអញ្ជើញជាអធិបតីពី លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្រ្តីមកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករចំនួន ៧០នាក់។

នៅក្នុងសុន្ទករថាបើកកម្មវិធី លោក អ៊ុក ប្រជា បានគូសបញ្ជាក់ពីឥទ្ធិពលនៃសាកលភាវូបនីយកម្ម ចំពោះសេដ្ឋកិច្ចសាកល ដែលតម្រូវឲ្យមានកិច្ចព្រមព្រៀងអន្តរជាតិនានា ហើយប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំពុងខិតខំចរចាជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ច ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោក ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ និងតម្រូវការកសាងសមត្ថភាពរបស់មន្ត្រីកម្ពុជា ដើម្បីបង្កើតគោលនយោបាយដ៏មានប្រសិទ្ធភាព និងដឹកនាំចរចា សំដៅទាញយកអត្ថប្រយោជន៍អតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

លោកបណ្ឌិត រ៉ាជេន ស៊ូដេស រតនា (Rajan Sudesh Ratna) សេដ្ឋវិទូរបស់ UNESCAP បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការ និងជួយសម្របសម្រួលដំណើរការរៀបចំសិក្ខាសាលាដ៍មានសារៈសំខាន់នេះឡើង ដើម្បីផ្តល់ឱកាសឲ្យមន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដកស្រង់បទពិសោធន៍ និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗស្តីពីការចរចាផ្នែកពាណិជ្ជកម្ម និងការដោះស្រាយបញ្ហាប្រឈមចំពោះពាណិជ្ជកម្ម។

គួររំលឹកដែរថា តាមរយៈការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី កម្ពុជាបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងឆ្នាំ២០០៤ ដែលបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ក្នុងការបោះជំហានចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។ ក្នុងរយៈពេលជាង ២ទសវត្សចុងក្រោយនេះ កម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចគិតជាមធ្យម ៧% រៀងរាល់ឆ្នាំ ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ហើយក្លាយជាប្រទេសដែលមាន "ប្រាក់ចំណូលមធ្យមកម្រិតទាប” គិតត្រឹមថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០១៦។ លើសពីនេះ កម្ពុជាក៏ត្រូវបានធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ចាត់ទុកជាខ្លាថ្មីនៅអាស៊ីផងដែរ៕