(ភ្នំពេញ)៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញអ្នកសិល្បៈ និងអ្នកផលិតករខ្សែភាពយន្តត្រូវខិតខំស្វែងរកអ្វីដែលល្អភ្លែក ដើម្បីលើកតម្កើនវិស័យភាពយន្ត និងសិល្បៈខ្មែរ ឲ្យរីកចម្រើនបន្ថែមទៀត មិនថាបូរាណ និងសម័យនោះទេ គឺធ្វើយ៉ាងណាបំពេញតម្រូវការ នៃការទស្សនារបស់ទស្សនិកជនទាំងមិនមានចិត្តជិនណាយ ដោយលើយកអត្តសញ្ញាណជាតិ វប្បធម៌ជាតិមកបង្ហាញដល់ជនរួមជាតិ និងអន្តរជាតិ។

លោក ម៉ៅ អាយុទ្ធ ថ្លែងបែបនេះក្នុងឱកាស លោកអញ្ជើញជាអធិបតីក្នុងពិធីរៀបចំសន្និសីទ សារព័ត៌មានស្តីពី ASEA FIME FESTIVAL ដែលនឹងដាក់បង្ហាញខ្សែភាពយន្ត ចំនួន១០ របស់ប្រទេសជាសមាជិកអាស៊ាន ដើម្បីអបអរខួបលើកទី៥០ នៃការបង្កើតអាស៊ាន។ តំណាងលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ នាសាលសត្យា ទីស្តីការក្រសួងព័ត៌មានដោយមានការចូលរួមពី តំណាងអគ្គរាជទូត និងរដ្ឋទូតក្នុងប្រទេសតំបន់ទាំងមូលផងដែរ។

លោក ម៉ៅ អាយុទ្ធ បានបន្តថា ផលិតករអ្នកសិល្បៈបូរាណ និងសម័យត្រូវតែលើកយកនូវរបរខ្មែរមកបង្ហាញដល់ជនបរទេស ឱ្យសាកសមនឹងអ្វី ដែលកម្ពុជាមានដូចជា ប្រាង្គប្រាសាទ រូបចម្លាក់ដែលមានក្បាច់រចនាបទយ៉ាងល្អវិចិត្រ ទាំងនេះហើយជាផ្នែកមួយដែលចូលរួម​កាច់នាវាចង្កូតវិស័យ សិល្បៈសម័យទំនើបនេះឱ្យមានការអភិវឌ្ឍន៍ ទៅមុខជានិរន្ត។

លោកបានបន្តទៀតថា ការរស់រានមានជីវិតជាថ្មី នៃវិស័យភាពយន្តខ្នាតធំនេះ បានបង្ហាញច្បាស់ណាស់ នូវភាពក្សេមក្សាន្ត និងរុងរឿង ស៊ីវិល័យរបស់កម្ពុជា នាសម័យតេជោ មិនអាចប្រកែកបាន គឺភាពស៊ីវីល័យនៃសង្គម។ បច្ចុប្បន្នតេជោ សែន នេះ យើងអាចរាប់បានច្បាស់ណាស់ថា ក្រៅពីវិស័យសេដ្ឋកិច្ច ដែលសមត្ថភាពកម្ពុជា រក្សាបាននូវផលិតផលក្នុងស្រុក៧ ភាគរយជាង បានទាក់ទាញអ្នកវិនិយោគនោះ គឺវិស័យកំសាន្ត កម្មវិធី The Voice ក្នុងចំណោមដទៃទៀត រួមជាមួយវិស័យកីឡា ដែលពេញនិយមនៅ គឺកម្ពុជាទទួលបានជោគជ័យនៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ។ នេះហើយ គឺជាសមិទ្ធផលកើតចេញពីសន្តិភាព និងសន្តិសុខសង្គម ដែលពុំអាច កាត់ថ្លៃបានពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ប្រកបដោយផ្លែផ្កា។

សូមជម្រាបថា រឿង ហ្លួងព្រះស្តេចកន នេះ គឺត្រូវបានចងក្រងជាឯកសារប្រវត្តិសាស្ត្រ និងបោះពុម្ពផ្សាយដោយលោកបណ្ឌិត សភាចារ្យ រស់ ចន្ត្រាបុត្រ រីឯទស្សនិយភាព ជាលក្ខណៈភាពយន្តខ្នាតធំ គឹបានផលិត និងចងក្រង ជាទិដ្ឋភាពអក្សរសិល្ប៍ ដោយលោក ម៉ៅ អាយុទ្ធ ដែលគេទទួលស្គាល់ថាជាបញ្ញាវ័ន្តខ្មែរ ទទួលបានមុខវិជ្ជាផ្នែកសោតទស្សន៍ជំនាន់ទសវត្សឆ្នាំ១៩៦០-១៩៧០ ពីអឺរ៉ុប។

វណ្ណកម្មនេះគឺជាកិច្ចរួម ចងក្រងទាំងអក្សរសាស្ត្រ និងអក្សរសិល្ប៍ និងទស្សនិយភាព ដោយបញ្ញាវ័ន្តជាន់ខ្ពស់ខ្មែរទាំងពីររូបមិនត្រឹមតែបង្ហាញ នូវសាច់រឿងកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបង្ហាញនូវបទពិសោធន៍ អំពីការគ្រប់គ្រងរដ្ឋរបស់ខ្មែរសម័យដើម ក៏ដូចជាមានចំណុចភូមិសាស្ត្រ ជាសំណៅដើម នៃព្រឹត្តការណ៍នៅកន្លែងស្រាប់។ វណ្ណកម្មនេះ ជាស្នាដៃបញ្ញាវ័ន្តខ្មែរ និងតារាខ្មែរសុទ្ធសាធ ជាមួយប្រភពធនធាន ខ្មែរសុទ្ធសាធ៕