(ពោធិ៍សាត់)៖ សពបុរសម្នាក់អណ្តែតលើផ្ទៃទឹកបឹងទន្លេសាប ក្រោយបាត់ខ្លួនរយៈពេល២យប់ និង៣ថ្ងៃ ត្រូវបានសមត្ថកិច្ចអះអាងថា ជាករណីប្លន់សម្លាប់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រៃរនាម ស្ថិតក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃនេះថា សពជនរងគ្រោះ ដែលត្រូវឃាតកប្លន់សម្លាប់ ហើយត្រូវបានប្រជានេសាទប្រទះឃើញព្រឹកមិញនេះ មានឈ្មោះ ឡាំ យ៉ាំងស៊ូយ អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មានម្តាយឈ្មោះ ង្វៀង ធីឡាង អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម និងមានឳពុកឈ្មោះ ឡាំង យ៉ាំងតៀង (ស្លាប់) បច្ចុប្បន្នរស់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់។

បើតាមម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា កូនរបស់គាត់បានបើកកាណូត សំបកបាឡា ចេញទៅដើរលេងនៅក្រៅភូមិ ចាប់ពីម៉ោង៧យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ រហូតដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅតែមិនឃើញត្រឡប់មកផ្ទះវិញ លុះដល់ម៉ោង១២ថ្ងៃត្រង់ ស្រាប់តែប្រទះឃើញទូក ដែលជនរងគ្រោះបើកដើរលេង រសាត់មកទើជាប់ព្រៃរនាម ដោយនៅក្នុងបាតទូក មានទុលល្វីស កូនសោរ និងមានឈាមពេញអណ្តែតចម្ងាយពីភូមិ ប្រហែល៦០០ម៉ែត្រ ក៏ប៉ុន្តែរកមិនឃើញសាកសពនោះឡើយ។

លុះព្រឹកឡើងថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៧នេះ រូបគាត់ និងប្រជានេសាទ បានដើររកនៅជុំវិញទីតាំងទូកម្តងទៀត ស្រាប់តែប្រទះឃើញសាកសពកូនរបស់គាត់ អណ្តែតបង្កឲ្យមានការភ្ញាក់ផ្អើតតែម្តង។ ម្តាយជនរងគ្រោះ បានអះអាងទៀតថា ក្នុងខ្លួនកូនរបស់គាត់ មានខ្សែកលោហៈធាតុពណ៌ក្រហម ចំនួន៦ជី ទូរស័ព្ទ Smart Phone នួនមួយគ្រឿង និងលុយមួយចំនួន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកោសលវិច្ច័យ ឃើញថា មានស្នាមចាក់ដោយកាំបិត ចំពីមុខចំនួន១១កន្លែង និងក្រោយ១កន្លែង ដែលអាចដាក់ការសន្និដ្ឋានថា ជាករណីប្លន់សម្លាប់ ព្រោះក្នុងខ្លួនជនរងគ្រោះគ្មានសេសសល់អ្វីនោះឡើយ រួចក៏បានប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីវែកមុខជនដៃដល់ ចាត់ការតាមច្បាប់៕