(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យប្រជាកសិករយើងទាំងអស់ត្រូវធ្វើការអភិរក្ស និងថែរក្សាសម្ភារកសិកម្មបែបបុរាណ ដែលជាមរតកបន្សល់ទុកពីដូនតាយើង កុំឲ្យបាត់អត្តសញ្ញាណ បើទោះបីពេលនេះយើងបានប្រើសម្ភារកសិកម្មបែបសម័យ ទំនើបក៏ដោយ។ លោកលើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ ចែកទោចក្រក្រយានយន្តដល់មន្ត្រីថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយ ឃុំរបស់កម្មវិធី ASPRIE និងគោយន្តដល់សហគមន៍កសិកម្មគម្រូ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ នៅមន្ទីរកសិកម្មខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានសំដែងនូវការព្រួយបារម្ភខ្លាចបាត់បង់ ចំពោះសម្ភារកសិកម្មបែបបុរាណមានដូចជា៖ នង្គ័ល រនាស់ រទេះគោ និងសម្ភារមួយចំនួនទៀត ដែលដូនតាយើងធ្លាប់ប្រើប្រាស់ក្នុងរបធ្វើកសិកម្មអាច និងបាត់បង់ព្រោះសព្វថ្ងៃនេះសម្ភារកសិកម្មបែបសម័យទំនើប កំពុងតែមានការ ពេញនិយម សម្រាប់ប្រជាកសិករយើង។ ដូច្នេះហើយបានជាគេសង្កេតមើលឃើញថា ផ្ទះបងប្អូន ប្រជាកសិករខ្លះ មិនមានសូប្បីតែគោក្របី រនាស់ នង្គ័លនោះទេដែលកត្តានេះ ហើយលោកសូមអំពាវនាវ ឲ្យប្រជាកសិករយើងកុំបោះបង់សម្ភារកសិកម្ម បែបបុរាណចោលត្រូវរក្សាទុកព្រោះ ជាមរតកដូនតាយើងបន្សល់សម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ផងដែរ។

លោកអភិបាលខេត្ត បានបន្តថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋខ្មែរយើង មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រកបរបចិញ្ចឹមជីវិតលើកស្ទួយកំរិតជីវភាព ក្នុងគ្រួសារ ដែលកត្តានេះផ្តើមចេញពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះហើយយើងទាំងអស់គ្នា ត្រូវតែរួមសហការគ្នាថែរក្សាសន្តិភាពនេះឲ្យនៅគង់វង់ ដើម្បីក្រុមគ្រួសារយើង និងកូនចៅយើងជំនាន់ក្រោយរស់នៅដោយភាបសុខសាន្តបើពុំមានសន្តិភាពទេយើងក៏គ្មានឱកាសបានប្រកបមុខរបរ អ្វីកើតនោះទេ ដូច្នេះកុំជឿតាមការឃោសនា ញុះញង់របស់អ្នកនយោបាយខ្លះដែលបានតែស្រែកឥតប្រយោជន៍នោះ។

លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណ ដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ដែលតែងតែគិតគូដល់បងប្អូន កសិករយើង ហើយលោកសំណូមពរ ឲ្យបងប្អូនយើងដែលទទួលបានសម្ភារប្រើប្រាស់នៅពេលនេះ ត្រូវធ្វើការប្រើប្រាស់ដោយទទួលខុសត្រូវ ថែទាំឲ្យបានល្អ ប្រយោជន៍ដើម្បីឲ្យការប្រើប្រាស់បានយូរងង្វែង។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងថាកម្មវិធីផ្សប្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលមានភពធន និងការប្រែប្រួលអាកាសធាតុ (ASPRIE) បានទទួលម៉ូតូចំនួន៣លើក ដោយឡែកលើកទី៣នេះ ទទួលបានម៉ូតូ៣០គ្រឿង ដែលត្រូវផ្តល់ជូន​ CEWs និងមន្ត្រីកិច្ចសន្យាថ្នាក់ស្រុក និងកោយន្ត១០គ្រឿង ព្រមទាំងសម្ភារៈសិក្សាកម្មមួយចំនួនទៀតត្រូវបានផ្តល់ជូន ប្រជាសហគមន៍ទាំង៧ក្រុង ស្រុកផងដែរ៕