(ព្រះសីហនុ)៖ កូនត្រីរាជ ឬស្តេចត្រីចំនួន២០០ក្បាល ដែលសុទ្ធសឹងតែជាត្រីកម្រ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ធ្វើ​ការព្រលែងចូលក្នុងបឹងធម្មជាតិ ចំនួន៤កន្លែង នៅក្នុងខេត្តព្រះសីហនុ។

ពិធីព្រលែងកូនត្រីនេះ បានធ្វើឡើង នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ក្រោមគំនិតផ្តូចផ្តើមពីសំណាក់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមជាធិបតីពីសំណាក់ លោក កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា ព្រមទាំងអាជ្ញាធរដែនដី​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករផងដែរ​។ បឹងធម្មជាតិចំនួន៤ ដែលត្រូវបានព្រលែងកូនត្រីនេះ រួមមានអាងទឹកជើងគោចំនួន២៥ក្បាល, អាងទឹកព្រៃនប់២៥ក្បាល, អាងទឹកអូរចំណារ៥០ក្បាល, និងបឹងធម្មជាតិក្បាលឆាយ១០០ក្បាល ដែលមានទីតាំងនៅភូមិ១ សង្កាត់លេខ១ ក្រុព្រះសីហនុ។

លោក យន្ត មីន បានថ្លែងថា ការលែងពូជត្រីរាជ ឬស្តេចត្រីចូលទៅក្នុងអាងទឹកសាបតំបន់ក្បាលឆាយនេះ គឺធ្វើឡើងដោយមានការជួយ ឧបត្ថមគាំទ្រពីមន្ត្រីរាជការ តាមបណ្ដាស្ថាប័នរដ្ឋ និងឯកជន ក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើនផលិតពូជត្រី នៅក្នុងបឹងធម្មជាតិ និងក្នុងគោលបំណង លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមថែរក្សាធនធានជលផល ដើម្បីបង្កើនផលត្រីក្នុងធម្មជាតិឱ្យកើនឡើងសម្រាប់ តម្រូវការរបស់ប្រជាពលរដ្ឋ។

លោក យន្ត មីន បានបន្តថា ការលែងត្រីពូជទៅក្នុងបឹងទឹកសាបតំបន់ក្បាលឆាយនាពេលនេះ គឺជាកម្មវិធីការងារដ៏សំខាន់ដែលរាជដ្ឋាភិបាល បានកំណត់ឡើង សម្រាប់ជំរុញអោយចលនាការពារមច្ឆាជាតិ ត្រូវបានលើកកម្ពស់ហើយការលែងត្រីពូជនេះ គឺជាយុទ្ធសាស្ត្រមួយ ប្រើប្រាស់ដើមទុនតិច មានសារសំខាន់ ក្នុងការថែរក្សាពូជត្រី ក្នងស្រុកមួយចំនួនឱ្យបានគង់វង្ស សម្រាប់ផ្ដល់ជាចំណីអាហារជូនប្រជាពលរដ្ឋ។

លោក យន្ត មីន បានបញ្ជាក់ថា ការលែងពូជត្រីរាជ ថ្ងៃនេះក៏ជាវេទិការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកម្ពុជា គ្រប់មូលដ្ឋានក្នុងការជួយថែរក្សាការពារ ធនធានជលផលគង់វង្ស និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទកុំអោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាឧបករណ៍ ឆក់ត្រី ស្បៃមុង និងការបូមទឹកយកត្រី ដែលជាប្រការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រភពធនធានមច្ឆាជាតិ។

អភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកថា ការលែងពូជត្រីរាជចំនួន២០០ក្បាលនេះ ជានិមិត្តរូបប្រកបដោយបរិយាកាសរីករាយ និងបានបំផុសចលនាទូទៅ ឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ការបំផ្លាញមច្ឆាជាតិ តាមរយៈការនេសាទខុសច្បាប់ និងបានបំផុសចលនាចិញ្ចឹមត្រី តាមសហគមន៍ដើម្បីបង្កើន សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយសកម្មភាពរដ្ឋបាលខេត្ត ព្រះសីហនុលែងកូនត្រីរាជនេះ ប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានធ្វើជាគំរូល្អ និងបានបណ្តុះគំនិត ប្រជាពលរដ្ឋឲ្យចេះការពារ និងទប់ស្កាត់ការបំផ្លាញមច្ឆាជាតិ និងចលនាចិញ្ចឹមត្រីជាដើម ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់៕