(ព្រៃវែង)៖ ក្រុមតារាចម្រៀង ក្នុងផលិតកម្ម M មានដូចជា លោក សន វិជ្ជបុត្រ លោក គន់ រៀមរតនៈ ញ្ញា អេណា និងតារាប្រុសស្រីមួយចំនួនទៀត បាននាំគ្នានាំយកអំណោយ មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអីវ និងថវិកា មួយចំនួនទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ស្ថិតក្នុងវត្តធម្មសំមិត្តារាម ​ភូមិព្រៃផ្ចិត ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង​​ នៅថ្ងៃទី២០ខែសីហា ឆ្នាំ២០១៧នេះ។

លោក សន វិជ្ជបុត្រ ដែលបានដឹកនាំក្រុមតារាទាំងនោះ​ បានប្រាប់​ថា អំណោយទាំងនោះ គឺលោកបានទទួលបានពីសប្បុរសជនទាំង ក្នុងស្រុក និងក្រៅស្រុក មានលោក គីមវុទ្ធី និងលោក ឡេង ផល្លា រស់នៅសហរដ្ឋអាមេរិក និងម្ដាយធម៌ជាអាជីវករ លក់ខោអាវនៅផ្សារអូឡាំពិក​។ និយាយដោយមិនលាក់លៀមប្រាក់ ដែលខ្លួនបានយក​ ទៅជួយដល់អ្នកសិល្បៈ ក៏ដូចជាជនក្រីក្រផ្សេងទៀត លោកសន វិជ្ជបុត្រប្រាប់ថា មិនមែនជាប្រាក់​របស់លោក​ទាំងអស់ឡើយ ភាគច្រើន​បានមកពីសប្បុរសជនខ្មែរ នៅក្រៅប្រទេស និងសប្បុរសជនក្នុងស្រុក ។

លោកបន្តថា ជាមួយកិច្ចការសប្បុរសធម៌នេះ លោកបានប្ដេជ្ញាថា នៅតែបន្តសកម្មភាពនេះជារៀងរហូត ហើយលោក​សូមសន្យា ចំពោះសប្បុរសជនថា មិនកេងចំណេញលើការងារ​មួយនេះឡើយ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ សម្រាប់តារាចម្រៀង​ខាងលើ ដែលបានធ្វើអំពើសប្បុរសធម៌នេះ ខណៈដែលកន្លងទៅលោក សន វិជ្ជបុត្រ ធ្លាប់បានបុកអណ្ដូង និងធ្វើផ្ទះជូនជនក្រីក្រជា​ច្រើនលើកមកហើយ ។ ជាមួយគ្នានោះដែរ លោកតែងតែជួយដល់ជាអ្នកសិល្បៈដូចជា ដូចជាស្វែងមូលនិធិជួយ ដល់អ្នកនាង ស្វែង សុជាតា តារាចម្រៀង រិនសាវ៉េត និងចែកអំណោយ ដល់តារាចម្រៀងជនពិការច្រៀង​តាមផ្លូវជាដើម​។

ប្រជាពលរដ្ឋក្រីក្រ ចំនួន២៥គ្រួសារ​ ដែលត្រូវបានរៀបចំឈ្មោះជាស្រេចនោះ ទទួលបាន១គ្រួសា មានដូចជា មី១កេះ​ ទឹកស្រី១យូ ទឹកស៊ីអ៊ីវ១​យូ ត្រីខ១​យូ អង្ករ១បេ និងថវិកាមួយចំនួន។ ចំណែក​ក្មេងៗ​​ក៏ដូចជាលោកតាលោកយាយ ដែលបានអញ្ជើញមកវត្ត​ជាង១០០នាក់ ក៏ទទួលបានដូចគ្នា ​មានសម្លៀកបំពាក់ ​ទឹកសម្រង់​ភេសជ្ជៈ និងថវិកា​មួយចំនួន៕