​(ភ្នំពេញ)៖ បន្ទាប់ពីសម្រាករយៈពេល៣ម៉ោងកន្លះរួចមក បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី១នេះ ត្រូវចូលបន្ទប់ប្រឡងវិញ នៅពេលរសៀល ដោយចាប់ផ្តើមប្រឡងនៅម៉ោង២៖០០នាទី។

មុខវិជ្ជាដំបូងនាពេលរសៀលនេះ គឺត្រូវប្រឡងរយៈពេល៩០នាទី ចាប់ពីម៉ោង២៖០០នាទី ដល់៣៖៣០នា​​ទី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ប្រឡងមុខវិជ្ជា គីមីវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម ប្រឡងមុខវិជ្ជា ភូមិវិទ្យា។

សម្រាប់មុខវិជ្ជាទី២ គឺត្រូវប្រឡងរយៈពេល៦០នាទី នៅម៉ោង៤៖០០នាទី ដល់ម៉ោង៥៖០០នាទី គឺសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ថ្នាក់វិទ្យាសាស្ត្រសង្គម សុទ្ធតែត្រូប្រឡងវិញ្ញាសា ភាសាបរទេសដូចគ្នា។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕